Suarez មិនអាចរកគ្រាប់បាល់បានសោះក្នុង UCLជាង ១ឆ្នាំហើយ
ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩ ម៉ោង06:15PM
ក្នុងក្របខ័ណ្ឌ UEFA Champions League ខ្សែប្រយុទ្ធក្លឹប Barcelona កីឡាករ Luis Suarez ហាក់បីដូចជាមិនសូវកាក់កបសោះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ខ្សែប្រយុទ្ធរូបនេះ រកគ្រាប់បាល់តែមួយគ្រាប់គត់ក្នុងមួយឆ្នាំចុងក្រោយ ដោយមួយគ្រាប់នោះគឺស៊ុតចូលក្លឹប Roma កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ នៅឯកីឡដ្ឋាន Camp Nou។
នៅរដូវកាល ២០១៨/១៩នេះ ក្លឹប Barcelona រកបាន ១៩គ្រាប់ក្នុងក្របខ័ណ្ឌកំពូលអឺរ៉ុប តែក្នុងចំណោមគ្រាប់បាល់ទាំងនោះ ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយរូបនេះ លេង ៦ប្រកួត មិនអាចរកគ្រាប់បាល់បានសោះ តែបាន Assist ៣លើក។
លើសពីនេះ Suarez ខកខានរកគ្រាប់បាល់ក្រៅដី នៅក្នុងកម្មវិធី UEFA Champions League រយៈពេលជាង ៤ឆ្នាំទៅហើយ ដោយកាលនោះរូបគេស៊ុតចូលក្លឹប Roma កាលពីខែកញ្ញា ឆ្នាំ២០១៥។
បើក្រឡេកមកមើលរយៈពេលប៉ុន្មានឆ្នាំចុងក្រោយវិញ ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំរូបនេះក៏មិនសូវរកគ្រាប់បាល់ច្រើនប៉ុន្មានដែរ ដោយរកបានតែ ១គ្រាប់ក្នុងរដូវកាល ២០១៧/១៨ និង៣គ្រាប់ នៅរដូវកាល ២០១៦/១៧។
សូមបញ្ជាក់ផងដែរថា ក្នុងរដូវកាល ២០១៨/១៩នេះ ខ្សែប្រយុទ្ធ Luis Suarez រកបាន ២៣គ្រាប់ ក្នុងការបង្ហាញខ្លួនឲ្យក្លឹប Barcelona ចំនួន ៤២ប្រកួត ដោយក្នុងនោះរកគ្រាប់បាល់ ២០គ្រាប់ក្នុងកម្មវិធី La Liga និង ៣គ្រាប់ក្នុង Copa del Rey៕
អត្ថបទ៖ ពេជ្រ គឹមស្រ៊ិន