Esports កម្ពុជា​ប្រកាស​ប្រកួត​ Mobile Legends រកកីឡាករខ្លាំងជាងគេនៅស្រុកខ្មែរទៅប្រកួតកម្រិតអាស៊ាន

ថ្ងៃទី ១០ ខែមេសា​ ឆ្នាំ២០១៩ ម៉ោង 05:33PM

ស្រប​ពេល​កីឡា​អេឡិចត្រូនិក​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ ចុង​​ឆ្នាំ​២០១៩​នៅ​ប្រទេស​ហ្វីលីពីន ថ្នាក់​ដឹក​នាំ​កីឡា​​នេះ​ក្នុង​តំបន់​អាស៊ាន​បាន​រៀប​ចំ​ការ​ប្រកួត​​​ជ្រើស​រើស​​ជើង​ឯក​អាស៊ាន​ដើម្បី​ស្ទាបស្ទង់​កម្រិត​​សមត្ថភាព។ ជា​មួយ​គ្នា​នេះ​ ប្រទេស​កម្ពុជា​ក៏​ជា​បេក្ខភាព​មួយ​ដែល​ចូល​រួម​ប្រកួត​ដែរ។

សន្និសីទ​សារព័ត៌មានប្រកាស​ការ​ប្រកួត

កាល​ពី​ព្រឹក​មិញ​ ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ និង​ក្រុម​ហ៊ុន​ Gentec Work ប្រកាស​ក្នុង​សន្និសីទ​ស្តីពី​ការ​ប្រកួត​ជើង​ឯក​វិញ្ញាសា​ Mobile Legends Bang Bang។ ការ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​១០​ ដល់​២៤​ ខែ​មេសា​ ឆ្នាំ​២០១៩​នេះ​ដើម្បី​ស្វែង​ក្រុម​ចំនួន​១២៨​​ឆ្ពោះ​ទៅ​ការ​ប្រកួត​ជម្រុះ​តាម​អនឡាញ​ពី​ថ្ងៃ​ទី​១​ ខែ​​ឧសភា​ត​ទៅ​រហូត​ដល់​ស្វែង​រក​ឃើញ​៤​ក្រុម​ចុង​ក្រោយ។ វគ្គ​៤​ក្រុម​ចុង​ក្រោយ​នឹង​​រៀប​ចំ​ការ​ប្រកួត​ធំ​លើ​ឆាក​នា​ថ្ងៃ​ទី​១៨​ ខែ​ឧសភា។

ក្រុម​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​គឺ​ជា​ក្រុម​ជើង​ឯក​នឹង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ទៅ​ចូល​រួម​ប្រកួត​ជើង​ឯក​ Mobile Legends: Bang Bang Southeast Asia Cup 2019 នៅ​ប្រទេស​ហ្វីលីពីន​ដែល​ទាំង​ការ​ស្នាក់​នៅ​ ធ្វើ​ដំណើរ​ និង​អាហារ​ឧបត្ថម្ភ​ទាំង​ស្រុង​ដោយ​ក្រុម​ហ៊ុន​ Montoon ដែល​ជា​ក្រុម​ហ៊ុន​បង្កើត​វិញ្ញាសា​ Mobile Legends។

សន្និសីទ​សារព័ត៌មានប្រកាស​ការ​ប្រកួត

សម្រាប់​ក្រុម​ដែល​ទទួល​បាន​ចំណាត់​ពី​លេខ​១​ដល់​៨​នៃ​ព្រឹត្តិការណ៍​ Mobile Legends​ នៅ​ប្រទេស​កម្ពុជា​នេះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ដែល​សរុប​ទំាង​អស់​ចំនួន​៦​ពាន់​ដុល្លារ​អាមេរិក។

សូម​បញ្ជាក់​ថា Mobile Legends ​ជា​វិញ្ញាសា​​មួយ​ក្នុង​ចំណោម​វិញ្ញាសា​ចំនួន​៦​នៃ​កីឡា​អេឡិចត្រូនិក​ (Esports)​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​​ប្រកួត​ផ្លូវ​ការ​ដណ្តើម​មេដាយ​ដូច​កីឡា​ផ្សេង​ៗ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ចុង​ឆ្នាំ​នេះ​នៅ​ប្រទេស​ហ្វីលីពីន៕

អត្ថបទ៖ ពេជ្រ គឹមស្រ៊ិន
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds