ការបាក់ដីស្រុតចូលទៅក្នុងទន្លេ ប្រជាពលរដ្ឋរស់តាមដងទន្លេបង្ខំរុះផ្ទះចេញ
ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ម៉ោង 05:16 PM
ខេត្តកណ្តាល ៖ ប្រភពព័ត៌មានបានឲ្យដឹងថា ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅតាមដងទន្លេមេគង្គក្រោមក្នុង ស្រុកលើកដែក ខេត្តកណ្តាល ត្រូវបង្ខំចិត្តរើផ្ទះសម្បែង ខណៈគ្រោះធម្មជាតិបាក់ទន្លេបានគំរាមកំហែងពួកគាត់បន្តបន្ទាប់រាល់ថ្ងៃ គិតមកដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នេះ និងបានធ្វើឱ្យដីលំនៅឋាននិងដីស្រែចំការ បើសរុបជាផ្ទៃដីជាច្រើនហិកតា បានបាក់ចូលទៅក្នុងបាតទឹកទន្លេ ។
បើតាមការរៀបរាប់របស់ប្រជាពលរដ្ឋ ការបាក់ច្រាំងទន្លេនេះកើតមានឡើងតាំងពីឆ្នាំ២០១០មកម្ល៉េះ តែបាក់មួយឆ្នាំបន្តិចៗ លុះរហូតមកដល់ឆ្នាំ២០១៩នេះ ក៏នៅតែបាក់បន្តដដែល ។មិនតែប៉ុណ្ណោះ បានបង្កការប៉ះពាល់ដល់ហេដ្ធារចនាសម្ព័ន្ធស្ពាននិងផ្លូវកៅស៊ូលេខ ១៤ចូលទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ(កម្ពុជា-វៀតណាម)នៅត្រង់ចំណុចឃុំព្រែកទន្លាប់ និងឃុំខ្ពប់អាទាវបានដាច់ធ្លាក់ចូលទៅក្នុងទឹកទន្លេរាប់រយពាន់ម៉ែត្រថែមទៀតផង។
អត្ថបទ៖ សីហា