ឥណ្ឌូណេស៊ី តាមពីក្រោយសិង្ហបុរីក្លាយជាប្រទេសទី២នៅអាស៊ាន ដែលមានករណីឆ្លង COVID-19 លើស១០,០០០នាក់!
(ហ្សាការតា)៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីទើបតែបានប្រកាស នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០នេះថា អ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៤៧នាក់ទៀតត្រូវបានរកឃើញនារយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនករណីឆ្លងសរុបកើនឡើងដល់ ១០,១១៨ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
កំណើនអ្នកឆ្លង COVID-19 បន្ថែមទៀតខាងលើនេះ នាំឲ្យប្រទេសឥណ្ឌូណេស៊ីក្លាយជាប្រទេសទី ២ នៅតំបន់អាស៊ានដែលមានករណីឆ្លងកើនដល់លើស ១ម៉ឺនករណី ខណៈប្រទេសដែលឈរនៅលេខរៀងទី ១ ពេលនេះគឺសិង្ហបុរីដែលមានអ្នកឆ្លងសរុប ១៦,១៦៩ករណី និងលេខ ៣ គឺហ្វីលីពីនមានអ្នកឆ្លងសរុប ៨,៤៨៨ករណីគិតត្រឹមពេលដូចគ្នា។
គួរបញ្ជាក់ថា ក្រៅពីចំនួនអ្នកឆ្លងបន្ថែមទៀតនេះ ឥណ្ឌូណេស៊ីក៏បានរាយការណ៍អំពីអ្នកបាត់បង់ជីវិតចំនួន ០៨នាក់ទៀតផងដែរ ដែលជាហេតុនាំឲ្យចំនួនមនុស្សស្លាប់សរុបនៅក្នុងប្រទេសធំជាងគេប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះ កើនឡើងដល់ ៧៩២នាក់ និងនៅតែបន្តឈរលេខរៀងទី ១ ជាប្រទេសមានមនុស្សស្លាប់ច្រើនជាងគេដោយសារ COVID-19 ក្នុងចំណោមសមាជិកអាស៊ានទាំង ១០ប្រទេស៕