រដ្ឋាភិបាលថៃសម្រេចផ្តល់ប្រាក់ឧបត្ថម្ភចំនួន ១៥៥ ដុល្លារក្នុងមួយខែរយៈពេល ៣ខែដល់កសិករដែលជួបប្រទះបញ្ហាសេដ្ឋកិច្ច ដោយសារកូវីដ-១៩
ថៃ៖ រដ្ឋាភិបាលថៃបានសម្រេចផ្តល់ជំនួយហិរញ្ញវត្ថុដល់គ្រួសារកសិករប្រមាណជា ១០ លានគ្រួសារ ដែលកំពុងជួបប្រទះបញ្ហាសេដ្ឋកិច្ចបង្កឡើងដោយវិបត្តិនៃមេរោគកូវីដ ១៩ ដោយក្នុងមួយគ្រួសារនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥ ០០០ បាត (១៥៥ ដុល្លារអាមេរិក) ក្នុងមួយខែនិងមានរយៈពេល ៣ ខែជាប់ៗគ្នាផងដែរ។ សូមរម្លឹកជូនថា ក្នុងអំឡុងពេលនៃការរីករាលដាលនៃមេរោគកូវីដ ១៩ ថៃបានសម្រេចបិទក្រុង និងតំបន់សំខាន់ៗរបស់ខ្លួនជាច្រើន ដែលធ្វើឲ្យប្រជាពលរដ្ឋថៃប្រមាណជា ៣៧ លាននាក់ ក្នុងនោះមានប្រមាណជា ១៦ លាននាក់ជាក្រុមពលរដ្ឋពឹងផ្អែកលើសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបាត់បង់ការងារ ឬបាត់បង់ឱកាសរកប្រាក់ចំណូលរបស់ពួកគាត់។
ឆ្លើយតបនឹងបញ្ហាមួយនេះរដ្ឋាភិបាលថៃបានសម្រេចប្រើប្រាស់ថវិកាយ៉ាងច្រើន ដើម្បីជួយពលរដ្ឋដែលកំពុងរងផលប៉ះពាល់ទាំងនោះតាមលក្ខខណ្ឌផ្សេងៗគ្នាឲ្យស្របតាមស្ថានភាពជាក់ស្តែងរបស់ពួកគាត់ផងដែរ។ បើតាមគម្រោងរដ្ឋាភិបាលថៃនឹងប្រើប្រាស់ថវិកាប្រមាណជា ២៤០ ពាន់លានបាត (ជាង ៧,៣ ពាន់លានដុល្លារអាមេរិក) ដើម្បីជួយក្រុមពលរដ្ឋពឹងផ្អែកលើសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាពិសេសនោះគឺក្រុមពលរដ្ឋជាកសិករធ្វើស្រែចំការតែម្តង ព្រោះពួកគាត់រងផលប៉ះពាល់ខ្លាំងជាងគេ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃមានអ្នកឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ២ ៩៣៨ ករណី ស្លាប់ ៥៤ករណី ហើយស្ថិតក្នុងស្ថានភាពនេះរដ្ឋាភិបាលថៃបានសម្រេចបិទប្រទេសខ្លួនរយៈពេល ១ ខែបន្ថែមទៀតផងដែរ៕