អាជ្ញាធរ​ថៃ​បញ្ជូន​ពលករ​ខ្មែរ​៣​នាក់ ​ទៅ​តុលាការ ដោយ​សារ​មិន​ព្រម​បង់​ពិន័យ ករណី​ផឹកស៊ី​បំពាន​បម្រាម

(ភ្នំពេញ)៖ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោក កុយ គួ​ង បាន​អះអាង​ថា តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន ពលករ​ខ្មែរ​ចំនួន​៣​នាក់ ដែល​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន ក្នុង​ពេល​ផឹកស៊ី​បំពាន​បម្រាម​ដាក់​ប្រទេស​ ក្នុង​គ្រាអាសន្ន​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ដោយសារ​ពួកគេ​មិនបាន​បង់លុយ​ពិន័យ​។

​លោក កុយ គួ​ង ថ្លែង​ឲ្យ​ដឹង​បែបនេះ ក្រោយ​ជំនួប​រវាង​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ជាមួយ​លោក អ៊ឺ​មែ​នែ​ហ្ស៊ី​ល​ដូ គូ​ប៉ា ឡូ​ប៉េ​ស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​ ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​លោក​បាន​ចូល​ជួប​សម្តែង​ការគួរសម កាលពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០​។

​លោក កុយ គួ​ង បាន​បញ្ជាក់​ថា ខណៈ​ដែល​អាជ្ញាធរ​ថៃ​បាន​ហាមប្រាម​មិន​ឲ្យ​មានការ​ជួបជុំគ្នា តាមច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នោះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១៧​នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន ដោយសារតែ​ជួបជុំគ្នា​ផឹកស៊ី ហើយ​បើ​តាម​ច្បាប់​ថៃ នៅ​ពេល​ដែល​បំពាន​ច្បាប់​របស់​គេ ត្រូវតែ​ទទួល​នូវ​ការ​ពិន័យ ហើយ​ការ​ពិន័យ​នោះ គឺ​មាន​ចំនួន ​៤០ ០០០​ បាត (​បួន​ម៉ឺន​បាត​) ក្នុង​ម្នាក់​។ លោក​បញ្ជាក់​ថា ក្នុងចំណោម​១៧​នាក់​នោះ មាន​ចំនួន​១៤​នាក់ បាន​បង់​ប្រាក់​ពិន័យ​រួចហើយ និង​បាន​ដោះលែង​ចេញ​មក​វិញ​ផង​ដែរ​។ ចំណែក​៣​នាក់​ទៀត មិន​ព្រម​បង់​ប្រាក់ ដូច្នេះ​អាជ្ញាធរ​ថៃ បាន​រៀប​ចំ​នីតិវិធី​បញ្ជូន​ទៅ​តុលាការ ហើយ​ស្ថានទូត​កម្ពុជា​បាន​តាមដាន​រឿង​នេះ​ជាប់​រហូត​។

​បើតាម​លោក កុយ គួ​ង នៅ​ប្រទេស​ថៃ មាន​កម្មករ​ប្រមាណ​ពីរ​បី​នាក់​ប៉ុណ្ណោះ ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​ពួកគេ​បានជា​សះស្បើយ​អស់ហើយ តែ​មកដល់ពេលនេះ លោក​មិនដឹងថា មាន​ប្រជាពលរដ្ឋ​ប៉ុន្មាន​នាក់ ដែល​ចង់​ធ្វើដំណើរ​មក​កម្ពុជា​នោះទេ ដោយសារតែ​ប្រទេស​ថៃ​នៅពេលនេះ កំពុងតែ​ដាក់​ឲ្យ​ស្ថិតនៅក្នុង​ភាពអាសន្ន ដែល​បាន​ហាម​ប្រជាពលរដ្ឋ​មិន​ឲ្យ​ធ្វើដំណើរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​។

​គួររំលឹកថា កាលពី​ថ្ងៃទី​១២ ខែមេសា រដ្ឋាភិបាល​ថៃ​បាន​ដាក់​បម្រាម​លើ​ការ​លក់​គ្រឿង​ស្រវឹង ឬ​សេព​គ្រឿង​ស្រវឹង ព្រមទាំង​បញ្ជា​ឱ្យ​បិទ​ហាង ឬ​ដេប៉ូ​លក់​ស្រា និង​ស្រា​បៀរ​នៅ​ទូទាំង​ប្រទេស​ក្នុងអំឡុង​រដូវ​បុណ្យចូលឆ្នាំថ្មី ដើម្បី​បញ្ចៀស​ការជួបជុំ និង​ប្រមូល​ផ្តុំ​គ្នា​ផឹក​គ្រឿង​ស្រវឹង ដែល​នាំ​ឲ្យ​មានការ​រីក​រាលដាល នៃ​កូ​វីដ​-១៩​។ តែ​ក្រោយ​ថ្ងៃ​ដាក់​បម្រាម​នេះ សមត្ថកិច្ច​ថៃ ខេត្ត​ផា​ធុម​ថា​នី បាន​ឃាត់ខ្លួន​ពលករ​ខ្មែរ​ប្រុស​ស្រី​ចំនួន​១៧​នាក់ នៅ​ល្ងាច​ថ្ងៃទី​១៤ ខែមេសា ដោយសារ​ពួកគេ​ប្រមូលផ្តុំ​គ្នា​ផឹក​គ្រឿង​ស្រវឹង​នៅមុខ​បន្ទប់​ជួល​របស់ខ្លួន សមត្ថកិច្ច​ថៃ​បញ្ជាក់ ថា ការឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​នេះ ដោយសារ​ពួកគេ​បាន​បំពាន​បម្រាម​របស់​រដ្ឋា​ភិ​បាល​ថៃ ដែល​ហាម​មិន​ឲ្យ​មានការ​ជួបជុំ​សេព​គ្រឿង​ស្រវឹង នៅ​អំឡុង​ពេល​ចូលឆ្នាំថ្មី ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

​ពាក់ព័ន្ធ​បញ្ហា​នេះ កាល​ពីពេល​កន្លងទៅ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ពលករ ខ្មែរ ដែល​កំពុង​រស់នៅ​ធ្វើការ​ក្រៅប្រទេស ជាពិសេស​នៅ​ប្រទេស​ថៃ ត្រូវ​គោរព​តាមច្បាប់ និង​បទ​បញ្ញត្តិ​ទាំងឡាយ ដែល​ប្រទេស​គេ​បាន​ដាក់​ចេញ រួមទាំង​ច្បាប់​បម្រាម​គោចរ និង​បម្រាម​ជួបជុំគ្នា​ជា​ក្រុម ឬ​ជប់លៀង​ជា​ក្រុម ដែល​ពេលនេះ ប្រទេស​គេ​កំពុង​មាន​ការ​ហាមឃាត់ តឹង​រឹង​បំផុត​ក្នុង​ការ​ទប់ស្កាត់ ការ​ចម្លង​រោគ​កូ​វីដ​-១៩៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds