ផ្កាយរណបរបស់អាមេរិកបង្ហាញថា រថភ្លើងផ្ទាល់ខ្លួនលោក គីម ជុងអ៊ុន នៅចតកន្លែងដដែលមួយសប្ដាហ៍មកហើយ ខណៈម្ចាស់វាមិនច្បាស់ថាកំពុងនៅទីណា
(បរទេស)៖រូបភាពផ្កាយរណបរបស់ក្រុមស្រាវជ្រាវ 38 North នៃសហរដ្ឋអាមេរិកបានបង្ហាញថា រថភ្លើងពិសេសដែលជាកម្មសិទ្ធិរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅតែចតនៅកន្លែងដដែលតាំងពីសប្តាហ៍មុនមកម៉្លេះ។ ក្រុមស្រាវជ្រាវនេះបានកត់សម្គាល់ពីភាពអសកម្មរបស់រថភ្លើង ខណៈខ្លួនព្យាយាមចង់ដឹងថាលោក គីម ជុងអ៊ុន ពេលនេះកំពុងស្នាក់នៅភាគខាងកើតទីក្រុងវ៉ុនសាន ឬយ៉ាងណា។ របាយការបានបន្ថែមថារថភ្លើងចតនៅកន្លែងដដែល នៅជិតស្ថានីយក្បែរតំបន់មួយក្នុងទីក្រុងវ៉ុនសាន ដូចដែលខ្លួនធ្លាប់ឃើញនៅថ្ងៃទី២១ និងទី២៣ ខែមេសា។
ក្រុម 38 North និយាយថា វត្តមានរបស់រថភ្លើងមិនបង្ហាញពីទីជម្រករបស់មេដឹកនាំកូរ៉េខាងជើងទេ ប៉ុន្តែបានផ្តល់តម្រុយដល់របាយការណ៍ជាច្រើន ដែលគិតថាលោក គីម បានស្នាក់នៅក្នុងតំបន់វ៉ុនសាន។ អ្នកស្រាវជ្រាវម្នាក់ដែលបានធ្វើការវិភាគលើបញ្ហានេះ បានប្រាប់ NHK ថារថភ្លើងហាក់ដូចជានៅកន្លែងដដែលដោយមិនធ្វើចលនា។ ប្រសិនបើលោក គីម ជុងអ៊ុន ពិតជាស្ថិតនៅក្នុងទីក្រុងវ៉ុនសាន ដែលគ្មានមន្ទីរពេទ្យមានសេវាយកចិត្តទុកដាក់ខ្ពស់នោះ វាមិនទំនងថាគាត់ [គីម ជុងអ៊ុន] កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនោះទេ។
គួរឱ្យដឹងដែរថា ប៉ុន្មានរយៈនេះសុខភាពរបស់លោក គីម ជុងអ៊ុន បានក្លាយជាប្រធានបទក្ដៅរបស់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីអវត្តមានមិនធម្មតារបស់គាត់តាំងពីថ្ងៃទី១៥ ខែមេសា ដែលជាថ្ងៃខួបជីតារបស់គាត់ គឺលោក Kim Il-sung ស្ថាបនិកបក្សកុម្មុយនិស្ត។ ចំណែកកូរ៉េខាងត្បូងរាយការណ៍ថា លោក គីម ជុងអ៊ុន កំពុងស្នាក់នៅទីក្រុងវ៉ុនសាន៕