យុវជនរបស់ Buriram រូបនេះបំបែកកំណត់ត្រាសំខាន់ៗដល់ទៅ៥ ទាំងក្នុងស្រុក នៅក្រៅស្រុក
ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៩ ម៉ោង 03:15PM
កីឡាករ Suphanat Mueanta ដែលបច្ចុប្បន្នមានវ័យទើបតែ១៦ឆ្នាំ និងជាសមាជិករបស់ក្លឹបជើងឯកលីគកំពូលថៃ ៧សម័យកាល Buriram United កំពុងក្លាយជាកីឡាករដែលបាល់ទាត់ថៃ ទាញការចាប់អារម្មណ៍បន្ទាប់ពីយុវជនរូបនេះ បានសាងកំណត់ត្រាជាច្រើនក្នុងរយៈពេលត្រឹមតែ១ឆ្នាំ។
Suphanat Mueanta ដែលបានចាប់ផ្ដើមអាជីពបាល់ទាត់ជាយុវជនរបស់ Buriram កាលពីឆ្នាំ២០១៦ និងវិវត្តន៍ខ្លួនឡើងមកឈុតធំនៅឆ្នាំ២០១៨ មកនោះ បានប្រើពេលតែ២ឆ្នាំ ដើម្បីបំបែកកំណត់ត្រាផ្ទាល់ខ្លួនជាមួយក្លឹប ក៏ដូចជាជាមួយក្រុមជម្រើសជាតិថៃ អាយុក្រោម២៣ឆ្នាំ។
យោងតាមវិបសាយ Thai League បានបញ្ជាក់ថាចាប់តាំងពីឆ្នាំ២០១៨ Suphanat Mueanta បានបំបែកកំណត់ត្រាដល់ទៅ៥ ក្នុងនាមជាកីឡាករក្មេង ដែលរួមមាន៖
- ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ : ក្លាយជាកីឡាករក្មេងជាងគេ ដែលបង្ហាញខ្លួនក្នុងលីគកំពូលថៃ ត្រឹមវ័យ ១៥ឆ្នាំ ៨ខែ និង២២ថ្ងៃ
- ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ : ក្លាយជាកីឡាករក្មេងជាងគេទាត់បញ្ជូលទីក្នុងលីគកំពូលថៃ ត្រឹមវ័យ ១៥ឆ្នាំ ៩ខែ និង២៥ថ្ងៃ
- ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ : ក្លាយជាកីឡាករថៃ ដែលក្មេងជាងគេមានឱកាសបង្ហាញខ្លួនក្នុងពានក្លឹបបាល់ទាត់ធំលំដាប់ទី១ ប្រចាំទ្វីបអាស៊ី ( AFC Champions League ) ត្រឹមវ័យ ១៦ឆ្នាំ ៧ខែ និង១១ថ្ងៃ
- ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ : ក្លាយជាកីឡាករក្មេងជាងគេបង្អស់ទាត់បាល់បញ្ជូលទីក្នុងពាន AFC U-23 វគ្គជម្រុះ ត្រឹមវ័យ ១៦ឆ្នាំ ៧ខែ និង២២ថ្ងៃ
- ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ : ក្លាយជាកីឡាករក្មេងជាងគេបង្អស់ដែលទាត់បាល់បញ្ជូលទីក្នុងពានក្លឹបបាល់ទាត់ធំលំដាប់ទី១ ប្រចាំទ្វីបអាស៊ី ( AFC Champions League ) ត្រឹមវ័យ ១៦ឆ្នាំ ៨ខែ និង៧ថ្ងៃ
កំណត់ត្រាចុងក្រោយ គឺជាកំណត់ត្រាដែលត្រូវបានគេចាត់ទុកថាពិសេសជាងគេ ក្នុងអាជីពរបស់កីឡាករវ័យក្មេងរូបនេះ ដោយអាចរកគ្រាប់បាល់ក្នុងពានក្លឹបបាល់ទាត់ធំលំដាប់ទី១ ប្រចាំទ្វីបអាស៊ី ( AFC Champions League ) ក្នុងនាមជាកីឡាករក្មេងជាងគេបង្អស់ និងមុនគេបង្អស់ បើទោះបីជាមិនអាចជួយក្រុមឲ្យឈ្នះក៏ពិតមែន។
Suphanat Mueanta កើតនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០០២ នៅខេត្ត Sisaket និងលេងក្នុងតួនាទីជាខ្សែប្រយុទ្ធ ជាមួយនឹងកម្ពស់ ១,៧៥ម៉ែត្រ។ ក្រៅតែពីភាពលេចធ្លោជាមួយ Buriram United កីឡាកររូបនេះ ក៏ធ្វើបានល្អជាមួយជម្រើសជាតិថៃ ឈុតយុវជនផងដែរ ដូចជា U-16 បង្ហាញខ្លួនបាន ១៦ប្រកួត ទាត់ចូលទីបាន ១៩គ្រាប់ ជាមួយ U-19 បង្ហាញខ្លួនបាន ៦ប្រកួត ទាត់បញ្ជូលទីបាន ៤គ្រាប់ និងជាមួយ U-23 ទាត់ចូលទី១គ្រាប់ ក្នុងការបង្ហាញខ្លួន ១ដង៕
អត្ថបទ៖ ពេជ្រ គឹមស្រ៊ិន