តារាសម្ដែងថៃល្បីឈ្មោះ Taew Natapohn ស្រលាញ់គ្នា១៤ឆ្នាំបែរបន្សល់ពាក្យត្រឹមតែមិត្ត

(ថៃ)៖បន្ទាប់ពីមានការសង្ស័យមួយរយៈ ចំពោះទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃល្បីឈ្មោះ Taew Natapohn និងមិត្តប្រុស Ton Arch ដែលបានស្រលាញ់គ្នារយៈពេល ១៤ឆ្នាំ ថាបានដើរដល់ផ្លូវបំបែក នៅពេលនេះ Taew ជាសាមីខ្លួនផ្ទាល់បានបញ្ជាក់ហើយថាអ្នកទាំងពីរពិតជាចែកបានផ្លូវគ្នាមែន។

ខណៈដែលរយៈមុន តារាស្រីដែលល្បីជាតួព្រះម៉ែនាគរាជរូបនេះបានឆ្លើយតបនឹងការសម្ភាសផ្សេងៗថា នាងនិង Arch គ្រាន់តែនៅដាច់ពីគ្នាមួយរយៈដោយសារតែការពារវីរុសកូវីដ១៩ ប៉ុន្តែតាមរយៈបទសម្ភាសចុងក្រោយជាមួយកម្មវិធី Entertainment Review នៅថ្ងៃចន្ទនេះ ទើបនាងព្រមទម្លាយថា ពួកគេបានចែកផ្លូវគ្នាមួយខែហើយ។

តារាស្រីវ័យ ៣១ឆ្នាំបានបន្តថា នៅពេលនេះពួកគេបានបន្ថយទំនាក់ទំនងមកជា “មិត្ត” នឹងគ្នាធម្មតា ចំណែកថាតើអនាគតអាចនឹងត្រលប់មកត្រូវរ៉ូវគ្នាវិញឬអត់នោះនាងមិនដឹងឡើយ ដឹងត្រឹមសម្រាប់ពេលនេះគឺមិនអាចទៅរួចឡើយ ព្រោះទម្រាំសម្រេចចិត្តបែកគ្នា អ្នកទាំងពីរក៏ចំណាយពេលគិត និងពិសោធន៍អស់ជាច្រើនដែរ។

ចំពោះមូលហេតុនៃការបែកគ្នា Taew ថា “សុំមិនធ្វើការអធិប្បាយអ្វីឡើយ ព្រោះរឿងបែបនេះមានតែមនុស្សពីរនាក់ប៉ុណ្ណោះដែលដឹងច្បាស់ ទោះបីខូចចិត្ត និងសោកស្ដាយ ប៉ុន្តែនេះគឺជាដំណោះស្រាយល្អបំផុត ហើយពេលនេះ Taew ក៏បានធ្វើចិត្តរួចរាល់នឹងចាប់ផ្ដើមជីវិតថ្មីដែរ” ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds