នៅសិង្ហបុរីរកឃើញអ្នកឆ្លង COVID-19 កើនលើស១៣,០០០ករណី បន្ទាប់ពីរកឃើញ៩៣១ករណីថ្មី
(សិង្ហបុរី)៖ ចំនួនករណីឆ្លងវីរ៉ុស COVID-19 នៅក្នុងប្រទេសសិង្ហបុរី បានកើនឡើងលើស១៣,០០០ករណីហើយ គិតត្រឹមថ្ងៃអាទិត្យនេះ បន្ទាប់ពីករណីឆ្លងថ្មី ចំនួន៩៣១ករណី ត្រូវបានបញ្ជាក់នៅរសៀលថ្ងៃនេះ, បើយោងតាមសារព័ត៌មាន CNA ចេញផ្សាយឲ្យដឹងនាយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។
ចំនួនករណីឆ្លងថ្មី ដែលបានរកឃើញនេះបាននាំឲ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេស មាន១៣,៦២៤ករណី។
ក្រសួងសុខាភិបាលសិង្ហបុរី បានឲ្យដឹងថា ៨៨៦ករណីក្នុងចំណោមករណីថ្មី ដែលបានរកឃើញនៅថ្ងៃអាទិត្យនេះ គឺជាអ្នកកាន់បណ្ឌស្នាក់នៅសម្រាប់ធ្វើការ ដែលស្នាក់នៅកន្លែងធ្វើការ។
ក្រសួងបានឲ្យដឹងដែឬថា មានអ្នកជំងឺចំនួន៥៨នាក់ថែមទៀត ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីជាសះស្បើយ។ សរុបមានអ្នកជំងឺ១,០៦០នាក់ហើយ ដែលបានជាសះស្បើយពីជំងឺឆ្លងមួយនេះ នៅសិង្ហបុរី ដែលត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ឬនៅដាច់ដោយឡែកពីគេ ក្នុងសហគមន៍៕