ថ្ងៃសៅរ៍នេះ ថៃរកឃើញអ្នកឆ្លងជម្ងឺកូវីដ១៩ ចំនួន៥៣នាក់ថ្មី និងស្លាប់ម្នាក់ ករណីឆ្លងសរុប២,៩០៧នាក់ ក្នុងនោះ៥១នាក់ស្លាប់

(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃបានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៥៣ករណីបន្ថែមទៀត នៅថ្ងៃសៅរ៍នេះ។ ហើយក្រៅពីករណីឆ្លងថ្មី ក៏មានករណីស្លាប់ម្នាក់ផងដែរ គឺបុរសអាយុ៤៨ឆ្នាំ ដែលបានឆ្លងជំងឺដ៏កាចសាហាវនេះ រួមជាមួយសមាជិកគ្រួសារគាត់ចំនួន០៤នាក់ផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០។

ក្នុងចំណោមករណីឆ្លងថ្មីៗទាំង៥៣ខាងលើ មាន៣ករណីជាករណីដែលជាប់ពាក់ព័ន្ធជាមួយករណីឆ្លងមុនៗ និង១ករណីគ្មានទំនាក់ទំនង​ជាមួយករណីផ្សេងទៀត ខណៈ៤២ករណីជាពលករចំណាកស្រុក ដែលត្រូវបានដាក់ឲ្យស្ថិតក្រោមការតាមដានសុខភាព នៅមណ្ឌលឃុំឃាំង​ជនអន្តោប្រវេសន៍​ក្នុងខេត្តសុងក្លាភាគខាងត្បូងប្រទេសថៃ។ ចំណែកឯ ៧ករណីចុងក្រោយ គឺត្រូវបានរាយការណ៍ចេញពីខេត្តយ៉ាឡា ដែលនៅភាគខាងត្បូងប្រទេស ដែលជាទីដែលអាជ្ញាធរថៃកំពុងបង្កើនការធ្វើតេស្តរកជំងឺ COVID-19 យ៉ាងសកម្ម ក្រោយអត្រាអ្នកឆ្លងនៅទីនោះមានសន្ទុះខ្លាំងមួយរយៈចុងក្រោយនេះ។

គួរជម្រាបថា ចាប់តាំងពីមានការផ្ទុះឡើង នៃការឆ្លងរីករាលជំងឺ COVID-19 កាលពីដើមខែមករាកន្លងមក ប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺរាតត្បាតសកលមួយនេះ សរុបចំនួន២,៩០៧ករណី ដោយក្នុងនោះអ្នកជំងឺចំនួន៥១នាក់បានស្លាប់ ខណៈ២,៥៤៧នាក់ ឬស្មើនឹង៨៧.៦ភាគរយនៃអ្នកឆ្លងសរុប បានជាសះស្បើយឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds