បងប្អូនភ្លោះពីរនាក់ បានកើតមកថ្ងៃតែមួយជាមួយគ្នា និងស្លាប់ទៅវិញថ្ងៃតែមួយជាមួយគ្នាដោយសារតែ COVID-19 នៅអង់គ្លេស

(អង់គ្លេស)៖ បងប្អូនស្រីភ្លោះចំនួនពីរនាក់គឺនាង ខេធី ដេវីស (Katy Davis) និង អ៊ែមម៉ា ដេវីស (Emma Davis) បានបាត់បង់ជីវិតហើយ ដោយសារតែជំងឺរាតត្បាតសកល COVID-19 នៅចក្រភពអង់គ្លេស ហើយអ្នកទាំងពីរ ក៏ជាគិលានុបដ្ឋាកយិការផងដែរ។ នេះបើតាមការដកស្រង់ ចេញពីសារព័ត៌មាន BBC នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០។

បងប្អូនទាំងពីរនាក់ខាងលើនេះ បានបាត់បង់ជីវិតរំលងគ្នាតែ ០៣ថ្ងៃប៉ុណ្ណោះ នៅក្នុងមន្ទីរពេទ្យ សោតអាមថុន (Southampton) បន្ទាប់ពីអ្នកទាំងពីរបានធ្វើតេស្តវិជ្ជមាន ចំពោះវីរុសកូរ៉ូណា (COVID-19) ដែលបាននិងកំពុងញុំាញី ចក្រភពអង់គ្លេសយ៉ាងខ្លាំងក្លានោះ។

សាច់ញាតិរបស់់ Katy និង Emma បានលើកឡើងថា «ពួកគេតែងតែនិយាយថា ពួកគេបានមើលឃើញពិភពលោកនេះជាមួយគ្នា និងចាកចេញពីពិភពលោកនេះ ក៏ជាមួយគ្នាដែរ»។ បងស្រីរបស់ Katy និង Emma បានអះអាងបន្ថែមទៀតថា «ប្អូនស្រីភ្លោះរបស់នាងទាំងពីរនាក់នេះ គឺជាការផ្សំផ្គុំដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ព្រោះពួកគេបានរស់នៅជាមួយគ្នាជានិច្ច និងកន្លងមក ក៏ធ្លាប់មានបញ្ហាសុខភាពដូចគ្នាទៀតថែមទៀត ហើយវាពិតជាគ្មានពាក្យអ្វី អាចយកមកពណ៌នា អំពីលក្ខណៈវិសេស របស់ពួកគេទាំងពីរនាក់នេះឡើយ»

បើតាមបងស្រីរបស់ Katy និង Emma កូនភ្លោះទាំងពីរនាក់នេះ មានបេះដូងស្រឡាញ់ និងចង់ជួយមនុស្សដទៃៗទៀត ចាប់តាំងពីពួកគេនៅកុមារមកម្ល៉េះ ព្រោះពេលនៅក្មេង ពួកគេបានលេងស្បែងធ្វើជាគ្រូពេទ្យ ហើយយកតុក្តារបស់ពួកគេ ធ្វើជាអ្នកជំងឺដើម្បីសង្គ្រោះទៀតផង។

គួរបញ្ជាក់ថា បន្ទាប់ពីឆ្លងជំងឺ COVID-19 ជាមួយគ្នាមក Katy បានបាត់បង់ជីវិតមុនកាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយក្រោយមកបីថ្ងៃបន្ទាប់ គឺនៅថ្ងៃសុក្រម្សិលមិញនេះ ទើប Emma បាត់បង់ជីវិតតាមក្រោម នៅក្នុងមន្ទីរពេទ្យជាមួយគ្នាតែម្តង។ ក្រុមគ្រូពេទ្យ ដែលបានរួមការងារ ជាមួយអ្នកទាំងពីរបានបង្ហាញការសោកស្តាយជាពន់ពេក និងចូលរំលែកទុក្ខផងដែរចំពោះក្រុមគ្រួសារ Katy និង Emma៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds