លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ទទួលយកនូវសំណើរ របស់ លោក ពេជ្រ ស្រស់ ដែលជាយន្តការក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ក្នុងឳកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ
ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ម៉ោង 12:33 PM
(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានអញ្ចើញប្រជុំពិភាក្សាជាមួយនឹង ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ អំពី ការស្វែងរកយន្តការទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា នាព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នេះ។ ក្រោយពីការបញ្ចប់នៃកិច្ចប្រជុំពិភាក្សានេះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា លោកបានទទួលយកនូវសំណើររបស់ លោក ពេជ្រ ស្រស់ ដែលស្ដីពី យន្តការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ជាពិសេសគឺនៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះផងដែរ។
ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា
យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា លោកបានបង្ហោះដែលមានខ្លឹមសារថា កិច្ចប្រជុំរវាងប្រតិភូគណបក្សយុវជនកម្ពុជាជួបជាមួយនឹង ឯកឧត្តម ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា គឺ ជាប្រធាននាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈជុំវិញកាស្វែងរកយន្តការទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ជាពិសេសគឺនៅថ្ងៃបុណ្យជាតិធំៗគឺត្រូវបានបញ្ចប់ដោយស្មារតីរួមគ្នាទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានៅក្នុងកិច្ចប្រជុំនោះផងដែរគឺភាគីទាំងសងខាងបានយល់គ្នាចំពោះការរឹតបន្តឹងច្បាប់ចរាចរណ៍និងការផ្សព្វផ្សាយនូវគ្រឿងស្រវឹងយ៉ាងអនាធិបតេយ្យម៉្យាងវិញទៀតភាគីខាងឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក៏បានស្នើមកក្រុមយើងខ្ញុំឲ្យជួយពន្លឿនច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ដែលផ្តួចផ្តើមឡើងពីក្រសួងសុខាភិបាល ដោយច្បាប់នេះនៅជាប់គាំងមិនទាន់ចេញរួចនៅឡើយទេ ហើយក្រៅពីការពន្លឿននូវច្បាប់គ្រប់គ្រងគ្រឿងស្រវឹងគឺភាគីនៅខាងឯកឧត្តម ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក៏ បានស្នើមកក្រុមយើងខ្ញុំឲ្យជួយជុំរុញដល់ក្រសួងអប់រំដាក់មុខវិជ្ជាចរាចរណ៍ជាកម្មវិធីសិក្សាឲ្យបានពេញលេញ ដើម្បី ឲ្យយុវជនយល់ដឹងអំពីច្បាប់ចរាចរណ៍ពីថ្នាក់បឋមរហូតដល់ថ្នាក់ឧត្តមនិងបញ្ចូលវិញ្ញាសារមេរៀនចរាចរណ៍ការប្រលងថ្នាក់ទី១២ផងដែរ។ចំពោះភាគីប្រតិភូគណបក្ស យុវជនកម្ពុជា វិញក៏បានស្នើដល់ភាគីឯកឧត្តម ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា នូវការការពារគ្រោះថ្នាក់ចរាចរណ៍នៅអំឡុងពេលបុណ្យចូលឆ្នាំខាងមុខនេះមាន ០៣ ចំណុចនៅខាងក្រោមនេះផងដែរ ៖ទី១. រដ្ឋាភិបាល គឺត្រូវបញ្ចេញកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទដែលដឹកនាំដោយនគរបាលចរាចរណ៍ ដើម្បីពង្រាយតាមផ្លូវជាតិសំខាន់ៗ ហើយដាក់គោលដៅត្រួតពិនិត្យ៣០គីឡូម៉ែតដាក់សមត្ថកិច្ចមួយក្រុមក្នុងគោលបំណងរឹតបន្តឹងការបើកបរហួសល្បឿនកំណត់ និង ការត្រួតពិនិត្យការផឹកគ្រឿងស្រវឹងហួសកម្រិតជាតិអាកុល..។ទី២. ពង្រាយសមត្ថកិច្ចតាមភូមិ ឃុំ ដើម្បីត្រួតពិនិត្យជនផឹកស្រាស្រវឹងហួសកំណត់ គឺក្នុងគោលបំណងមិនឲ្យជនស្រវឹងស្រានោះប្រើប្រាស់យានយន្ត ឬ ធ្វើដំណើរ ។ចំពោះកងកម្លាំងគឺមួយឃុំប្រើ ៤ ទៅ ៥ នាក់ ដើម្បីជិះល្បាតដើម្បីទប់ស្កាត់អ្នកស្រវឹងជិះយានយន្តទៅផ្លូវធំ។ទី៣.រដ្ឋាភិបាលកម្ពុជាត្រូវឆ្លៀតឱកាសផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍និងការគ្រោះថ្នាក់ចរាចរណ៍ដល់ពលរដ្ឋខ្មែរក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរដោយបង្កើតនូវក្រុមសមត្ថិកិច្ចចុះអប់រំដល់មូលដ្ឋាន និងតាមដងផ្លូវសំខាន់ៗដែលពលរដ្ឋខ្មែរធ្វើដំណើរទៅលេងស្រុកឬទីកំសាន្ត។ចំពោះ ០៣ ចំណុចខាងលើនេះគឺភាគីខាងឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក៏ បានទទួលយក និង សម្រេចធ្វើសាកល្បងនៅអំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះផងដែរ ដើម្បីការពារអាយុជីវិតពលរដ្ឋខ្មែរ ។
អត្ថបទ ៖ សីហា