កាលពីម្សិលមិញ ចិនរកឃើញអ្នកឆ្លង COVID-19 ថ្មីតែ១០នាក់ ក្នុងនោះ០៦នាក់ ជាករណីនាំចូល និងគ្មានមនុស្សស្លាប់ឡើយ

(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃពុធម្សិលមិញនេះ ខ្លួនបានកត់ត្រាករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ១០ករណីបន្ថែមទៀត នៅទូទាំងប្រទេស ដោយក្នុងនោះមាន ០៦ករណីជាប្រភេទនាំចូលពីប្រទេសខាងក្រៅ និង ០៤ករណីទៀតជាករណីឆ្លងស្រុកតែម្តង។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។

គណៈកម្មការសុខាភិបាលចិន (NHC) បានគូសបញ្ជាក់ថា ករណីឆ្លងក្នុងស្រុកទាំង ០៤ករណីខាងលើ មាន ០៣ករណី ត្រូវបានគេរាយការណ៍ចេញពីខេត្តហៃឡុងជាំង (Heilongjiang) និង ០១ករណីទៀតនៅខេត្តក្វាងទុង (Guangdong)។

ដោយឡែក សម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ គណៈកម្មការក៏បានបង្ហាញឲ្យដឹងដែរថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៧,២០៧នាក់ហើយ បន្ទាប់ពីអ្នកជំងឺចំនួន ៥៦នាក់បន្ថែមទៀតទើបតែបានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃពុធម្សិលមិញនេះតែម្តង។

នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះដដែល NHC ថែមទាំងបានបញ្ជាក់អំពីចំនួនករណីឆ្លងសរុប នៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងចិនដីគោកផងដែរថា បើបូកបញ្ជូលទាំងករណីឆ្លងថ្មីៗ ដែលបានរាយការណ៍នៅថ្ងៃនេះ វាបានកើនដល់ ៨២,៧៩៨ករណីហើយ ដោយក្នុងនោះអ្នកជំងឺចំនួន ៤,៦៣២ នាក់បានបាត់បង់ជីវិត។

និយាយជារួមក្នុងរយៈពេលពេញមួយថ្ងៃពុធម្សិលមិញនេះ ប្រទេសចិនបានកត់ត្រាករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន ១០ករណី ដោយក្នុងនោះមានតែ ០៤ករណីប៉ុណ្ណោះជាករណីឆ្លងក្នុងស្រុក ក្រៅពីនោះគឺសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស ដែលត្រូវបានអាជ្ញាធរចិនធ្វើតេស្តរកឃើញ ខណៈករណីស្លាប់ មិនមានឡើយសូម្បីតែម្នាក់នៅទូទាំងប្រទេសចិនតែម្តង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds