Facebook បាន វិនិយោគ៥,៧ពាន់លានដុល្លារលើប្រព័ន្ធInternet នៅ ប្រទេសឥណ្ឌា
អន្តរជាតិៈ ក្រុមហ៊ុនយក្សFacebook បានប្រកាសពីការវិនិយោគលើទំហំទឹកប្រាក់ដ៏មហាសាល ដែលមានតម្លៃ៥,៧ពាន់លានដុល្លារ ក្នុងក្រុមហ៊ុនអ៊ីនធឺណេតរបស់ឥណ្ឌា Reliance Jio ដែលជាកម្មសិទ្ធិរបស់អ្នកមានជាងគេបំផុត របស់ប្រទេសនេះគឺលោកMukesh Ambani។
កិច្ចព្រមព្រៀងនេះ ធ្វើឱ្យក្រុមហ៊ុនបណ្តាញសង្គមនេះ ក្លាយជាម្ចាស់ភាគហ៊ុនភាគធំជាងគេបំផុត នៅក្នុងអង្គភាពទូរគមនាគមន៍របស់ក្រុមហ៊ុនRelianc ដែលមានភាគហ៊ុនចំនួន៩,៩៩ភាគរយ។
Facebook បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការវិនិយោគនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ចំពោះប្រទេសឥណ្ឌា និងការរំភើបរបស់យើងចំពោះការផ្លាស់ប្តូរយ៉ាងខ្លាំង ដែលក្រុមហ៊ុនJio បានជំរុញនៅក្នុងប្រទេស”។
ក្រុមហ៊ុនFacebook ក៏បានឱ្យដឹងផងដែរថា ខ្លួនគ្រោងនឹងផ្តោតលើការសហការគ្នារវាងក្រុមហ៊ុនWhatsApp និងក្រុមហ៊ុនបណ្តាក់ទុនជំនួញអេឡិចត្រូនិចJioMart ដើម្បីឱ្យមនុស្សអាចភ្ជាប់ទំនាក់ទំនង ជាមួយអាជីវកម្មហាង និងទិញផលិតផល។
នៅក្នុងខែកុម្ភះឆ្នាំនេះWhatsApp Pay ត្រូវបានផ្តល់ការអនុញ្ញាតដោយអាជ្ញាធរឥណ្ឌា ដើម្បីចាប់ផ្តើមដំណើរការជាបណ្តើរៗក្នុងរយៈពេលពីរឆ្នាំ បន្ទាប់ពីការចាប់ផ្តើមសាកល្បងសេវាកម្ម។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក ក្រុមហ៊ុនReliance Jio បានឱដឹងថា កិច្ចព្រមព្រៀងនេះ នឹងល្អសម្រាប់ទាំងក្រុមហ៊ុន និងប្រទេសទាំងមូល ដែល“ភាពជាដៃគូនេះ នឹងពន្លឿនការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់ឥណ្ឌា ដោយបំពេញនូវតម្រូវការរបស់ប្រជាជនឥណ្ឌា និងសេដ្ឋកិច្ចឥណ្ឌា”៕