ស្ថានទូតកម្ពុជា៖ និស្សិតយោធាកម្ពុជា ០៣រូបបានឆ្លងជម្ងឺកូវី១៩ នៅប្រទេសរុស្សី

(រុស្ស៊ី)៖​ តាមរយៈសេចក្ដីជូនដំណឹងមួយរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសហព័ន្ធរុស្ស៊ី បានឲ្យដឹងថា សិក្ខាកាមយោធាចំនួន ០៣នាក់ ដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី បានឆ្លងវីរុសកូវីដ-១៩ កាលពីថ្ងៃទី១៨ មេសា ឆ្នាំ២០២០ បន្ទាប់ពីពួកគេត្រូវបានបញ្ជូនទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យក្រុង និងបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩។

សេចក្ដីជូនដំណឹងដដែល បញ្ជាក់ថា សិក្ខាកាមយោធាទាំង៣រូបនេះ កំពុងសិក្សាឆ្នាំទី៣ ជំនាញវេជ្ជសាស្រ្ត នៅសាកលវិទ្យាល័យវេជ្ជសាស្រ្តយោធានៃទីក្រុងសេនភីតថើស្បឺក(Saint Petersburg) ទី១.​ នាយចំណង់គុណ សំសុខហេង។ ទី២. នាយចំណង់ណោ ស៊ុនឌីរតនៈ និងទី៣. នាយចំណង់ ស៊ា ស៊ាងលី។

ចំពោះមូលហេតុនៃការឆ្លងនេះដែរ គឺដោយសារមានការចម្លងពីបណ្ដាសិក្ខាកាមយោធាបរទេសដទៃទៀតដែលសិក្សាឆ្នាំជាមួយគ្នា និងស្នាក់នៅជាមួយគ្នា។ តែយ៉ាងណាយោធាកម្ពុជាទាំង០៣រូបខាងលើ ត្រូវបានខាងសាលាបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលជំងឺកូវីដ-១៩ និងកំពុងតាមដានសុខភាពបន្តទៀត។

បើយោងទៅតាមរបាយការណ៍ពីប្រធានក្រុមប្រចាំសាលាផ្ទាល់ បញ្ជាក់ថា ស្ថានភាពជំងឺរបស់សិក្ខាកាមយោធាទាំង០៣រូប នៅមិនទាន់មានសភាពធ្ងន់ធ្ងរទេ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds