មកមើលទិដ្ឋភាពការសម្ដែងរបស់ឪពុក-កូន ព្រាប សុវត្ថិ ដែលសំបុត្រលក់អស់លឿនបំផុត
ឪពុក-កូន ព្រាប សុវត្ថិ កំពុងជាប់បេសកកម្មនៅលើទឹកដីអាមេរិកញឹកស្អេក តាំងពីបានឈានជើងចេញពីកម្ពុជា កាលពីចុងខែមុន។ កាលពីថ្ងៃសៅរ៍កន្លងទៅ តារាចម្រៀងឪពុក-កូន រូបនេះ បានព្រួតគ្នាអង្រួនឆាកតន្ត្រីនៅក្នុងបរិវេណ Casino Foxwoods ជាកន្លែងដែលការសម្ដែងរបស់លោក លក់សំបុត្រដាច់លឿនបំផុត។
លោក ហង្ស ឈា ដែលបានសហដឹកនាំកម្មវិធីខាងលើ បានបញ្ជាក់ថា Foxwoods នេះហើយ ជាទីតាំងការប្រគំតន្ត្រីដ៏ធំរបស់ក្រុមលោក ព្រាប សុវត្ថិ ហើយក៏ជាកន្លែងដែលសំបុត្រសម្រាប់ការទស្សនាការសម្ដែងរបស់ពួកគេ ត្រូវបានលក់អស់លឿនជាងការរំពឹងទុកដែរ ពោលគឺគ្រាន់តែបើកលក់ភ្លាម ត្រូវបានលក់អស់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
ម្ចាស់ឧបត្ថម្ភនាំយកក្រុមលោក ព្រាប សុវត្ថិ បញ្ជាក់ថា កាលណោះ សំបុត្រ ១៥០០សន្លឹកសម្រាប់ទស្សនាការសម្ដែងរបស់ក្រុមតារាចម្រៀងល្បីទៅពីកម្ពុជា ត្រូវលក់អស់ ក្នុងរយៈពេលលឿន ជាងការប្រគំតន្ត្រីផ្សេងទៀតដែលលោកបានរៀបចំ។ ជុំវិញរឿងនេះ មានព័ត៌មានថា បងប្អូនខ្មែរនៅអាមេរិក ចង់ជួបកូនៗទាំងបីរបស់លោក ព្រាប សុវត្ថិ ដែលកំពុងមានប្រជាប្រិយ ទើបធ្វើឲ្យសំបុត្រការសម្ដែងរបស់ពួកគេលក់អស់លឿនដូចនេះ។
យ៉ាងណា លោក ហង្ស ឈា អះអាងថា ពួកគេ (ឪពុកកូនព្រាប សុវត្ថិ) មានភាពទាក់ទាញខ្លាំងដូចៗគ្នា។ វិលទៅមើលភាពជាក់ស្ដែងនៅក្នុងការប្រគំតន្ត្រីកាលពីថ្ងៃសៅរ៍វិញ អ្នកឧបត្ថម្ភដដែល បានគូសបញ្ជាក់លើបណ្ដាញសង្គមរបស់លោកថា បងប្អូនខ្មែរនៅអាមេរិក ពិតជាគាំទ្រខ្លាំងពិតមែន។ ដូច្នេះហើយ ក្នុងនាមជាអ្នករៀបចំ លោក អះអាងថា រីករាយខ្លាំងណាស់ ដែលបងប្អូនខ្មែរនៅអាមេរិកបានមកគាំទ្រការសម្ដែងរបស់លោក ព្រាប សុវត្ថិ កុះករដូច្នេះ។
លោកបន្តថា ការគាំទ្រទាំងនោះ ជាការលើកទឹកចិត្តក្រុមការងារលោកទាំងអស់គ្នា ក្នុងការបន្តបេសកកម្មទៅមុខបន្តទៀត។ លោក បន្ថែមថា បេសកកម្មរបស់លោក ក៏ដូចជាឪពុក កូន ព្រាប សុវត្ថិ មិនទាន់ចប់នោះទេ។ នៅចុងសប្ដាហ៍នេះ ត្រូវនឹងថ្ងៃសុក្រ និងថ្ងៃសៅរ កៀកនឹងថ្ងៃបុណ្យចូលឆ្នាំខ្មែរ លោក ព្រាប សុវត្ថិ និងកូនៗ នឹងត្រូវសម្ដែងនៅបន្តទៀត ក្នុងនោះថ្ងៃសុក្រ ធ្វើនៅ Washing DC និង ថ្ងៃសៅរ៍ ធ្វើនៅ Philadelphia។
អត្ថបទ កែវ ច័ន្ទសុផាវរុណ