វៀតណាម ក្តោបឱកាសពិភពលោកកំពុងវឹកវរជាមួយកូវីដ ១៩ កើបប្រាក់ពីលក់ម៉ាស់យ៉ាងច្រើន
(វៀតណាម)៖ ស្របពេលពិភពលោកកំពុងតែវឹកវរជាមួយជំងឺកូវីដ ១៩ បែរជាវៀតណាមដែលជាប្រទេសខ្លាំងមួយក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរ នៅអាស៊ី កំពុងតែសម្ងំកើតប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីការផលិតម៉ាស់ការពារជំងឺនេះ ស្របពេលដែលប្រទេសខ្លួន មានផ្ទុះរាតត្បាតក្នុងកម្រិតតិចតួចនៅឡើយ។
កាលពីចុងខែមីនា និងដើមខែមេសា ដំណើរនាំចូលវត្ថុធាតុដើមក្នុងប្រទេសវៀតណាម ចាប់ផ្តើមដំណើរការឡើងវិញ ប៉ុន្តែក៏ជាពេលវេលាអាក្រក់បំផុតមូយក្នុងស្ថានភាពរាតត្បាតជំងឺកូវីដ ១៩ នៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក នាំឲ្យប្រទេសអ្នកមានទាំងនេះ កំពុងបញ្ជាទិញម៉ាស់ការពារមុខយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបណ្តាប្រទេសមានចង្វាក់ផលិតកម្មម៉ាស់ ដោយក្នុងនោះក៏មានវៀតណាមជាប្រទេសត្រូវប៉ាន់ដូចគ្នា។ លើសពីនេះ ផលិតផលម៉ាស់ការពារមុខ ក៏មិនទាមទារការចំណាយទុនវិនិយោគច្រើនផងនោះ កាន់តែផ្តល់ភាពងាយស្រួលដល់វិស័យកាត់ដេរក្នុងប្រទេសនេះ អាចផលិតម៉ាស់ក្នុងចំនួនយ៉ាងច្រើនលើសលុប។
យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មប្រទេសវៀតណាម រោងចក្រក្នុងស្រុកប្រមាណ ៥០ ត្រូវបានចុះបញ្ជីជាមួយក្រសួងជាបន្តបន្ទាប់ ដោយមានលទ្ធភាពផលិតម៉ាស់ការពារមុខសរុបដល់ទៅ ៨លានម៉ាស់ ត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ និងប្រមាណ ២០០លានម៉ាស់ ក្នុងមួយខែ។ ក្នុងវិស័យវាយនភណ្ឌ និងកាត់ដេររបស់ប្រទេសនេះ ពីមុនមក គឺពឹងផ្អែកលើការនាំចូលប្រភេទក្រណាត់ការពារបាក់តេរី និងវត្ថុធាតុគីមីពីបរទេស។ យ៉ាងណាពេលនេះ វៀតណាម មិនចាំបាច់នាំចូលតទៅទៀតឡើយ ដោយពួកគេមានលទ្ធភាពផលិតក្រណាត់ការពារបាក់តេរី ពីធន់ធានជីវសាស្ត្រមានក្នុងស្រុកស្រាប់។
ស្របពេលដែលទីផ្សារម៉ាស់នៅក្រៅស្រុកកាន់តែមានតម្រូវការខ្ពស់ និងកើនឡើងជាលំដាប់ នាំឲ្យវៀតណាម ចាត់ទុកស្ថានភាពរាតត្បាតវីរុសកូវីស ១៩ ជាឱកាសសដ៏ល្អរបស់ខ្លួនទទួលបានប្រយោជន៍អំឡុងពេលនេះ ប៉ុន្តែរដ្ឋាភិបាលប្រទេសនេះ នៅតែតម្រូវឲ្យមានការផ្គត់ផ្គង់ម៉ាស់ការពារក្នុងទីក្រុងក្នុងស្រុកជាអាទិភាព មុននាំចេញទៅក្រៅប្រទេស។ ក្នុងចេតនាជួយទៅដល់ការអភិវឌ្ឍន៍ចង្វាក់ផលិតកម្មម៉ាស់នៅវៀតណាម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មប្រទេសនេះ បានធ្វើការជិតស្និតជាមួយអ្នកផលិតផ្ទាល់ និងភ្នាក់ងារចែកចាយ មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ដើម្បីជម្រុញការប្រើប្រាស់ផលិតផលក្នុងស្រុករបស់ខ្លួកាន់តែទូលំទូលាយ។ ទោះជាយ៉ាងណា តម្រូវការម៉ាស់បច្ចុប្បន្ន គឺដោយសារសា្ថនភាពរាតត្បាតវីរុសកូវីដ ១៩ នៅជុំវិញពិភពលោក ប៉ុន្តែវិស័យផលិតម៉ាស់របស់វៀតណាម ត្រូវតែសម្លឹងទៅលើការវិនិយោគមួយ ដែលមានតម្រូវការប្រើប្រាស់យូរអង្វែង ព្រោះក្នុងកាលៈទេសៈណាមួយ នៅពេលស្ថានភាពពិភពលោកត្រឡប់មករកភាពប្រក្រតីវិញ តម្រូវការម៉ាស់ ក៏នឹងធ្លាក់ចុះដូចគ្នា៕ ប្រភព៖Vietnam Insider