នៅសល់តែបីថ្ងៃទៀតទេនឹងចូលឆ្នាំថ្មីហេីយ អញ្ចឹងសូមនាំគ្នាមកដឹងពីប្រវត្តិរឿងចូលឆ្នាំខ្មែរ ខ្លះៗពីការផ្សាយរបស់អង្គភាពសារព័ត៌មាន FAST NEWS នាព្រឹកនេះ
ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ម៉ោង 07:19 AM
(ភ្នំពេញ) ៖ ប្រវត្តិរឿងចូលឆ្នាំខ្មែរ ដែលទាក់ទងនិងតំណាលទេវៈកថា ដោយមានតំណាលថា នៅដើមនៃភទ្ទកប្បនាសម័យមានព្រះពុទ្ធសាសនាដែលលាយឡំទៅនិងហិណ្ឌូសាសនាមានសេដ្ឋីម្នាក់ដែលគោរពនៅព្រះពុទ្ធសាសនា លោកមានកូនប្រុសម្នាក់ឈ្មោះថា “ធម្មបាលកុមារ” ដែលមាននូវចំណេះវិជ្ជាដ៏វិសេស ចេះភាសាសត្វ និងបានរៀនចេះចប់គម្ពីរត្រៃវេទតាំងពីអាយុបាន ៩ឆ្នាំ ។ សេដ្ឋីបិតាបានសាង អាស្រមមួយឲធម្មបាលកុមារដើម្បីជាការធ្វើសម្មាធិ “ធម្មបាលកុមារ”បានក្លាយជាអាចារ្យក្មេងសមែ្តងមង្គលទេសនាផេ្សងៗដល់មនុស្សទាំងពួងផងក្នុងលិទ្ធិពុទ្ធសាសនា ។
គ្រានោះការសាបព្រោះព្រះពុទ្ធសាសនារបស់ធម្មបាលកុមារបានល្បីរន្ទឺដល់កបិលមហាព្រហ្ម “ទេវៈមុខ៤” ដែលជាអ្នកសមែ្តងមង្គលដល់មនុស្សទាំងពួងក្នុងលទ្ធិព្រហ្មញសាសនា។ ពេលនោះកបិលមហាព្រហ្ម បានប្រមើរមើលហើយឆ្ងល់ថាហេតុអ្វីបានជាអវតាព្រះវិស្ណុះទៅចាប់កំណើតជាធម្មបាលកុមារហើយប៊ែរជាទៅគោរពព្រះពុទ្ធសាសនាវិញ!ដើម្បីចង់ផ្ចាញ់ព្រះវិស្ណុះដែលចាប់កំណើតជាធម្មបាលកុមារ កបិលមហាព្រហ្មក៏ក្រឡាខ្លួនជាសមនៈព្រហ្ម (ពួកព្រាហ្មណ៍) យាងចុះមកសួរនៅចំនោទប្រស្នា “៣ប្រការ” ដល់ធម្មបាលកុមារ ដោយសន្យាទុកថា បើដោះប្រស្នាបានអត្មាដែលជាសមនៈព្រហ្មនេះនិងកាត់ក្បាលបូជា ចំពោះធម្មបាលកុមារ តែបើធម្មបាលកុមារដោះប្រស្នានេះមិនរួចទេ អត្មានិងកាត់ក្បាលធម្មបាលកុមារវិញ។
ធម្មបាលកុមារសុំឲ្យពន្យារពេលចំនួន ៧ថៃ្ងសិនដើម្បីគិតប្រស្នា។ លុះកន្លងទៅ ៦ថៃ្ងហើយក៏នៅតែគិតមិនឃើញដឹងខ្លួនថាព្រឹកនេះនឹង ត្រូវស្លាប់ដោយអាជ្ញាកបិលមហាព្រហ្មជាប្រាកដហើយដូចេ្នះ គួរតែរត់ ទៅលាក់ខ្លួន ពួនអាត្មាឲ្យឆ្ងាយប្រសើរជាង។ ការគេចវេសរបស់ធម្មបាលកុមារបានទៅសំរាកនៅដើមត្នោតមួយដែលជាសំបុកសត្វឥន្រី្ទញីឈ្មោលមួយគូ ដែលសត្វឥន្ទ្រីនោះជាការក្រឡាខ្លួនរបស់ស្ដេចគ្រុឌដែលជាយាន្តជំនិះរបស់ព្រះវិស្ណុះដែលចាំជួយដល់ទ្រង់ដែលចាប់កំណើតជាអវតាមនុស្ស ។
ឥន្ទ្រីទាំងនោះធ្វើជាជជែកគ្នាថា៖ឥន្ទ្រីញីសួរថា :តើព្រឹកនេះយើងបានអាហារអ្វីស៊ី?ឥន្រី្ទឈ្មោលឆ្លើយថា : យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលត្រូវកបិលមហាព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច។ឥន្រី្ទញីសួរថា ប្រស្នានោះដូចមេ្តច ?ឥន្រី្ទឈ្មោលឆ្លើយថា : តើវេលាព្រឹកសិរីសួសី្តស្ថិតនៅត្រង់ណានៃមនុស្ស ?
“ប្រស្នាទី១ ត្រូវឆ្លើយថា នៅមុខ”ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ដើម្បីជាមង្គលពេលព្រឹក។
ឥន្ទ្រីឈ្មោលបន្ត តើថៃ្ងត្រង់សិរីសួស្ដីស្ថិតនៅត្រង់ណា នៃមនុស្ស? “ប្រស្នាទី២ ត្រូវឆ្លើយថា នៅដើមទ្រូង” ដែលហេតុនោះពេលថ្ងៃត្រង់ក្ដៅខ្លាំងទើបមនុស្សត្រូវយកទឹកលាងទ្រូងដើម្បីជាមង្គលពេលថ្ងៃ។ឥន្ទ្រីឈ្មោលបន្តទៀត តើវេលាព្រលប់ចូលដេកសិរីសួស្ដីស្ថិតនៅត្រង់ណា នៃមនុស្ស? “ប្រស្នាទី៣ ត្រូវឆ្លើយថា នៅជើងហេតុនេះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើងមុននិងចូលដេកដើម្បីជាមង្គលពេលយប់ព្រលប់។
ធម្មបាលកុមារបានលឺដូចេ្នះមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ក៏ត្រឡប់ទៅអាស្រមវិញដើម្បីដោះប្រស្នានៅថៃ្ងទី៧ជាថ្ងៃចុងក្រោយដែលជាថ្ងៃអាទិត្យ។
ក្រោយមកធម្មបាលកុមារបានឆ្លើយដោះស្រាយប្រស្នានោះរួចពីសមនៈព្រហ្មនោះ សមនៈព្រហ្មនោះ ក៏សុខចិត្តចាញ់និងកាត់ក្បាលដើម្បីបូជា ។ សមនៈព្រហ្មនោះមុននិងកាត់ក្បាលបានក្រឡាខ្លួនជាកបិលមហាព្រហ្មវិញ រួចហៅទេពធីតាទាំង ៧អង្គដែលជាបុត្រីខ្លួន មកប្រាប់ថា ឥឡូវបិតាត្រូវកាត់ក្បាលបូជាចំពោះធម្មបាលកុមារ ដែលចាញ់ភ្នាល់ប្រស្នានោះ តែបើដាក់ក្បាលបិតានៅលើផែនដី ក៏នឹងកើតជាភ្លើងឆេះទាំងលោកធាតុ ហើយបើបោះទៅលើអាកាសនិងគ្មានភ្លៀងរាំងស្ងួត បើចោលក្នុងមហាសមុទ្រទឹកនិងរីងស្ងួតហួតអស់ ចូរបុត្រីយកទៅតម្កល់នៅ (ភ្នំព្រះសុម៉ែ) ដូចេ្នះសូមបុត្រីទាំង៧ យកពានមកទទួលក្បាលរបស់បិតា បណ្ដាំចប់ហើយ កបិលមហាព្រហ្មក៏កាត់ក្បាលហុច ទៅឲ្យ នាងទុង្សៈទេវីដែលជាកូនច្បង ។ នាង ទុង្សៈទេវី ក៏យកពានទៅទទួលក្បាលបិតា ហើយហោះហើរហែរប្រទក្សិណភំ្នកៃឡាសចំនួន ៦០នាទីហើយក៏យកជើងពានដែលទ្រក្បាលបិតានោះទៅប្រតិស្ឋានទុក ក្នុងមណ្ឌលនៅក្នុងគុហាគន្ធមាលី នៃភំ្នព្រះសុម៉ែរុ នៅឯឋានសួគ៌ រួចបូជានៅគឿ្រងទិព្វផេ្សងៗ។
ក្រោយមកទេពធីតាទាំង៧អង្អ ក៏ប្រសិដ្ឋនាម ធម្មបាលកុមារថា (ព្រះពិស្ណុះការណ៍) ដោយប្រែមកថា “ព្រះវិស្សកម្មទេវបុត្រ” ហើយបានឲត្បូងកែវ ៧គ្រាប់ឈ្មោះថា “ភគវតីសភា” ទៅធម្មបាលកុមារ ៕
អត្ថបទ រតនៈ