ករណីដំបូងនៅថៃ រកឃេីញមន្ត្រីម្នាក់បានឆ្លងវីរុសកូវីដ១៩ពីសាកសពជនរងគ្រោះស្លាប់ដោយសារវីរុសកូវីដ ១៩
ថៃ៖ យោងតាមសារព័ត៌មាន Dailymail បាយការណ៍អំពីករណីកម្របំផុតមួយជុំវិញមេរោគកូវីដ ១៩ គឺមានមន្ត្រីទទួលបន្ទុកផ្នែកធ្វើកោសល្យវិច្ច័យម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីរូបគាត់បានឆ្លងជំងឺកូវីដ១៩ ក្រោយពិនិត្យ និងប៉ះពាល់សាកសពជនរងគ្រោះ ដោយសារវីរុសកូវីដ១៩។ ប្រភពខាងលើបានបញ្ជាក់ថា ករណីមួយនេះបានកើតឡើងចំពោះអ្នកពិនិត្យសាកសពម្នាក់នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។ បើតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា រាប់ចាប់តាំងមានការរាតត្បាតមេរោគកូវីដ ១៩ នៅទូទាំងពិភពលោកមក ករណីដូចខាងលើនេះពុំធ្លាប់កើតមាននោះទេ ព្រោះជាធម្មតាមេរោគកូវីដ ១៩ បានចម្លងចេញពីមនុស្សរស់ម្នាក់ទៅកាន់មនុស្សរស់ម្នាក់ឬជាច្រើននាក់ទៀត។
យ៉ាងណាក្តី ករណីខាងលើនេះគឺជាករណីមនុស្សរស់ឆ្លងមេរោគកូវីដ ១៩ ពីសាកសព ហើយចុងក្រោយជនរងគ្រោះបានឆ្លងមេរោគនោះក៏ត្រូវស្លាប់ដោយសារតែមេរោគដដែលនេះផងដែរ។ សម្រាប់ក្រុមអ្នកវិទ្យាសាស្រ្តវិញ នៅមិនទាន់អាចពន្យល់បានភ្លាមៗទេថា ករណីចម្លងមួយនេះអាចកើតឡើងដោយរបៀបណា ឬក្នុងលក្ខខណ្ឌដាច់ឡែកណាមួយនោះ។ យ៉ាងណាក្តី ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងថៃកំពុងតែបើការសិក្សាជាពិសេសមួយដើម្បីស្វែករកនូវរបៀបនៃការចម្លង និងវិធីការពារករណីចម្លងមេរោគពីសាកសពនៅកាន់មនុស្សនេះ ដើម្បីធានាឲ្យបាននូវសុវត្ថិភាពជូនក្រុមបុគ្គលិកសុខាភិបាលទាំងអស់៕