ឥណ្ឌាបន្តបិទប្រទេសរហូតដល់ថ្ងៃទី៣ ខែឧសភា ខណៈអ្នកឆ្លង COVID-19 កើនលើស ១០,០០០នាក់ក្នុងនោះស្លាប់ ៣៥៨នាក់

(ញូដេលី)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅថ្ងៃអង្គារនេះ បានសម្រេចចិត្តបន្តការអនុវត្តវិធានការបិទប្រទេស រហូតដល់ថ្ងៃទី៣ ខែឧសភា ខណៈចំនួន អ្នកឆ្លង COVID-19 ទូទាំងប្រទេសកើនដល់លើស ១០,០០០នាក់ បើទោះជាមានវិធានការបិទប្រទេស បីសប្ដាហ៍កន្លងមកនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០។

លោក ម៉ូឌី ធ្វើការប្រកាសខាងលើ កំឡុងថ្លែងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍រដ្ឋ។ ថ្លែងនាឱកាសនោះ លោកនាយករដ្ឋមន្ត្រីឥណ្ឌារូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ « ប្រជាជនឥណ្ឌាគ្រប់រូប នឹងត្រូវបន្តអនុវត្តវិធានការបិទប្រទេស ដោយត្រូវស្ថិតនៅក្នុងផ្ទះ រហូតដល់ថ្ងៃទី៣ ខែឧសភា…ហើយខ្ញុំស្នើឱ្យប្រជាជនឥណ្ឌា ចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ទៅកាន់តំបន់ដទៃ»

គួរជម្រាបថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃចន្ទម្សិលមិញ ឥណ្ឌាមានអ្នកឆ្លង COVID-19 ១០,៥៤២នាក់ ក្នុងនោះស្លាប់ ៣៥៨នាក់ និងជាសះស្បើយ ១,២០៥នាក់៕

អត្ថបទដែលជាប់ទាក់ទង