ចិនរកឃើញករណីឆ្លង COVID-19 នាំចូលពីក្រៅប្រទេសកើនដល់ ១,៤៦៤នាក់ ក្នុងនោះ ៥៥៩នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយ
(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញនេះ ប្រទេសចិនបានកត់ត្រាករណីនាំចូលនៃជំងឺ COVID-19 ចំនួន ៨៦ករណី បន្ថែមទៀតនៅទូទាំងប្រទេស ដែលនាំឲ្យចំនួនសរុបនៃករណីនាំចូល បានកើនដល់ ១,៤៦៤ករណី។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០។
ក្នុងចំណោមករណីនាំចូលសរុបទាំង ១,៤៦៤ករណីខាងលើ មានអ្នកជំងឺចំនួន ៥៥៩នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ ខណៈ ៩០៥នាក់ កំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ដោយក្នុងនោះ ៣៧នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាមិនមានករណីស្លាប់ណាមួយ ត្រូវបានរាយការណ៍នៅក្នុងចំណោមពួកគេនោះទេ។
ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ គណៈកម្មការសុខាភិបាលចិន (NHC) បានឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៧,៧៣៨នាក់ហើយ ដោយក្នុងនោះ ៧៥នាក់ទើបតែត្រូវបានគេព្យាបាល ឲ្យជាសះស្បើយជាស្ថាពរឡើងវិញ និងចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃចន្ទម្សិលមិញ។
នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ NHC ក៏បានបញ្ជាក់ផងដែរថា ចំនួនអ្នកឆ្លងសរុបនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងចិនដីគោកបានកើនដល់ ៨២,២៤៩ករណី ក្នុងនោះ ៣,៣៤១នាក់បានបាត់បង់ជីវិត។
និយាយជារួមសម្រាប់ថ្ងៃចន្ទ ទី១៣ ខែមេសាម្សិលមិញនេះ មានករណីឆ្លង COVID-19 ថ្មីៗបន្ថែមចំនួន
៨៦ករណីនៅទូទាំងប្រទេស។ ប៉ុន្តែករណីឆ្លងថ្មីៗទាំង ៤៦ករណីនេះ គឺសុទ្ធតែជាករណីនាំចូលពីប្រទេសក្រៅទាំងអស់ ដែលត្រូវបានអាជ្ញាធរចិនធ្វើតេស្តរកឃើញ ខណៈករណីស្លាប់នៅថ្ងៃដដែលនេះ មិនមានឡើយសូម្បីតែមួយនាក់នៅទូទាំងប្រទេសចិនតែម្តង៕