នៅកូរ៉េខាងត្បូង បានលាប់ឡើងវិញលើអ្នកជាសះស្បើយជំងឺកូវីដ១៩ ជាង១០០នាក់
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Dailymail បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមេសា ម្សិលមិញនេះ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថា មានមនុស្សចំនួន១១៦នាក់ ដែលបានជាសះស្បើយដោយសារវីរុសកូវីដ១៩ ត្រូវបានគេធ្វើតេស្តឃើញវិជ្ជមានឡើងវិញម្តងទៀត។
ករណីនេះបានកើតឡើងនៅពេលដែលមន្រ្តីបានលើកឡើងថា ពួកគេនឹងពិនិត្យមើលការបន្ធូរបន្ថយអនុសាសន៍តឹងរឹងក្នុងគោលបំណងបង្ការការផ្ទុះឡើងថ្មី ហើយចំនួនករណីឆ្លងវីរុសនេះនៅទូទាំងពិភពលោកបានកើនឡើងជិតដល់ ២ លាននាក់ហើយ។ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថា មានករណីឆ្លងថ្មីតែ ២៥ ករណីប៉ុណ្ណោះនៅថ្ងៃច័ន្ទ កន្លងទៅនេះ ប៉ុន្តែការកើនឡើងអ្នកលាប់ជំងឺនេះឡើងវិញបានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈប្រទេសនេះព្យាយាមកុំឲ្យមានអ្នកឆ្លងថ្មី។
ក្រុមមន្ត្រីកំពុងស៊ើបអង្កេតមូលហេតុចំពោះករណីនេះ ប៉ុន្តែលោក Jeong Eun-kyeong នាយកមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺកូរ៉េ (KCDC) បាននិយាយថា វីរុសនេះអាចនឹងលាប់ឡើងវិញ ជាជាងអ្នកជំងឺឆ្លងវីរុសនេះម្តងទៀត។
គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ ប្រទេសកូរ៉េខាងត្បូងមានអ្នកឆ្លងសរុបចំនួន ១០,៥៣៧នាក់ ស្លាប់សរុបចំនួន ២១៧ និងជាសះស្បើយ ៧,៤៤៧នាក់៕ប្រភព៖ Dailymail