សិង្ហបុរី បន្តរកឃើញករណីឆ្លងថ្មី នៃវីរ៉ុស COVID-19 ៣៨៦ករណីថែមទៀត ខណៈអ្នកជំងឺម្នាក់ទៀតបានស្លាប់
(សិង្ហបុរី)៖ ប្រទេសសិង្ហបុរី បានរាយការណ៍ថា បានរកឃើញករណីឆ្លងថ្មី នៃវីរ៉ុស COVID-19 ចំនួន៣៨៦នាក់ថែមទៀត នាថ្ងៃចន្ទនេះ នាំឲ្យចំនួនអ្នកឆ្លងវីរ៉ុស នៅទូទាំងប្រទេសមាន២,៩១៨នាក់, នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី១៣ ខែមេសា។
ក្រសួងសុខាភិបាល បានឲ្យដឹងថា បុរសជនជាតិសិង្ហបុរី វ័យ៦៥ឆ្នាំម្នាក់ទៀតបានស្លាប់ ដោយសារជំងឺ COVID-19 នារសៀលថ្ងៃចន្ទនេះ បាននាំឲ្យចំនួនអ្នកស្លាប់ ដោយសារជំងឺ COVID-19 នៅសិង្ហបុរី កើនឡើងដល់៩នាក់។
ករណីឆ្លងថ្មី ដែលបានរាយការណ៍ នៅថ្ងៃចន្ទ មិនមានករណីនាំចូលពីក្រៅប្រទេសនោះទេ។
ក្រសួងសុខាភិបាល បានឲ្យដឹងដែរថា សរុបមានអ្នកជំងឺ២៦នាក់ទៀត ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ នាថ្ងៃចន្ទនេះ នាំឲ្យចំនួនជាសះស្បើយ ពីជំងឺ COVID-19 ចំនួន៥៨៦នាក់ ដែលត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ឬក៏ដាក់នៅដាច់ដោយឡែកពីគេ នៅតាមសហគមន៍។
ដោយឡែក អ្នកជំងឺ១,១៥៨នាក់ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ភាគច្រើននៃពួកគេ មានសុខភាពធម្មតា ឬល្អប្រសើរឡើង។ ២៩នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ កំពុងព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់។ មនុស្ស១,១៦៥នាក់ទៀត ដែលមានសុខភាពល្អ ប៉ុន្តែមានលទ្ធផលវិជ្ជមាន នៃវីរ៉ុស COVID-19 ត្រូវបានដាក់នៅដាច់ដោយឡែកពីគេ ហើយទទួលបានការថែទាំ នៅតាមសហគមន៍៕