អ្នកជំនាញអាមេរិកលើកឡើងថា ប្រជាជនអាមេរិកនឹងរស់នៅមានភាពប្រក្រតីឡើងវិញនៅចុងឆ្នាំ២០២១ ក្រោយការផលិតវ៉ាក់សាំង COVID-19 បាន

(វ៉ាស៊ីនតោន)៖ អ្នកជំនាញវេជ្ជសាស្ត្រកំពូលរបស់ សហរដ្ឋអាមេរិកបានអះអាងថា សកម្មភាពនៃជីវិតប្រចាំថ្ងៃដូចជា ញុំាអាហារនៅឯភោជនីយដ្ឋានជុំគ្នា មើលកុនជាមួយមិត្តភក្តិ ក៏ដូចជាការចូលរួមព្រឹត្តិការណ៍ធំៗជាដើម មិនងាយនឹងត្រឡប់មកសភាពដើមវិញឡើយ ពោលយ៉ាងហោចណាស់ ក៏គ្រប់គ្នាត្រូវរង់ចាំរហូតដល់ចុងឆ្នាំ២០២១ខាងមុខនេះដែរ ពីព្រោះគិតត្រឹមពេលនេះ វ៉ាក់សាំងប្រឆាំងនឹងមេរោគកូរ៉ូណាថ្មី នៅ មិនទាន់ត្រូវបានរកឃើញនៅឡើយទេ។ នេះបើយោងតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Qatar Day នាល្ងាចថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០។

លោកវេជ្ជបណ្ឌិត អេហ្សេឃីអ៊ែល អេម៉ានូអ៊ែល (Ezekiel J. Emanuel) អ្នកជំនាញផ្នែកជំងឺមហារីក នៃសាកលវិទ្យាវេជ្ជសាស្ត្រភែនស៊ីលវេនៀ (University of Pennsylvania Medical School) បានលើកឡើងយ៉ាងដូច្នេះថា «អ្វីដែលធ្វើខ្ញុំខកចិត្តបំផុតនោះ គឺក្រោយសេតវិមានបានអះអាងថា ជីវិតប្រចាំថ្ងៃនឹងវិលត្រឡប់ទៅរកសភាពដើមនាពេលឆាប់ៗនេះ យើងនឹងអាចប្រារព្ធពិធីបុណ្យអ៊ីស្តឺរ ក៏ដូចជាយើងមានរដូវកាលបាលទាត់នៅខែកញ្ញាខាងមុខនេះ។ តាមពិតអ្វីៗទាំងនេះមិនអាចកើតឡើងទេ»។

លោកបានបន្ថែមថា «ខ្ញុំមិនគិតថា យើងនឹងទទួលបានវ៉ាក់សាំងមុនឆ្នាំក្រោយ (ឆ្នាំ២០២១) មកដល់នោះទេ ដោយខ្ញុំហ៊ានអះអាងទៅកាន់សាធារណជនថា យ៉ាងហោចណាស់ក៏យើងត្រូវរង់ចាំរហូតខែកក្តដា ឬដល់ខែសីហា ឆ្នាំ២០២១ ឯណោះ។ ដូច្នេះមានន័យថា យើងត្រូវរងចាំពី ១៥-១៨ ខែចាប់ពីពេលនេះទៅ ទើបអាចមានសង្ឈឹមថា នឹងទទួលបានវ៉ាក់សាំងប្រឆាំង COVID-19»។

គួរជម្រាបថា លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនបានអះអាងថា ការផ្ទុះឡើងនៃការឆ្លងរីករាលដាលជំងឺ COVID-19 នៅក្នុងទឹកដីអាមេរិក គឺជិតឈានដល់កម្រិតកំពូល (Peak) ហើយ ដែលពាក្យសម្តីនេះមានន័យថា នៅពេលដែលការឆ្លង នឹងស្លាប់ឈានដល់ចំណុចកំពូលនោះ ចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺនេះនឹងថយចុះពីមួយថ្ងៃទៅមួយថ្ងៃ ហើយសកម្មភាពសេដ្ឋកិច្ចអាមេរិក នឹងដំណើរល្អឡើងវិញជាមិនខាន។

យោងតាមគេហទំព័រអន្តរជាតិ Worldometer គិតត្រឹមម៉ោង ៥៖០០នាទីល្ងាចថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០ អាមេរិកមានករណីឆ្លង COVID-19 សរុប ៥៦០,៤៣៣ករណី ក្នុងនោះស្លាប់ ២២,១១៥នាក់ និងជាសះស្បើយឡើងវិញ ៣២,៦៣៤នាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open