ពូកែហាមមិនស្តាប់! អ្នកភូមិមួយនៅឥណ្ឌូនេស៊ី តែងខ្លួនធ្វើខ្មោច ដើម្បីបន្លាចអ្នកភូមិមិនឲ្យចេញក្រៅផ្ទះ ការពារការរាលដាលវីរុសកូវី១៩
ឥណ្ឌូនេស៊ី៖ កាលពីពេលថ្មីៗនេះ អ្នកនៅភូមិ Kepuh ប្រទេសឥណ្ឌូនេស៊ី ត្រូវបានខ្លោចលងដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភូមិនៅលើកោះ Java បានដាក់ពង្រាយខ្មោចក្លែងក្លាយនៅតាមដងផ្លូវជាច្រើន ដោយសង្ឃឹមថា ជួយមិនឲ្យប្រជាពលរដ្ឋចេញពីផ្ទះឡើយ ដើម្បីការពារមិនឲ្យឆ្លងវីរុសកូវីដ–១៩ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន reuters។
លោក Anjar Pancaningtyas ប្រធានក្រុមយុវជនក្នុងភូមិ ដែលបានសម្របសម្រួលជាមួយប៉ូលីសលើគំនិតផ្តួចផ្តើមដ៏ចំលែកនេះដើម្បីលើកកម្ពស់គម្លាតសង្គម (social distancing) ទប់ស្កាត់ការរាលដាលនៃវីរុសកូវីដ១៩ បានឲ្យដឹងថា ខ្មោច pocong មានលក្ខណៈព្រឺព្រួច និងគួរឲ្យខ្លាច វាតំណាងឱ្យអន្ទាក់ចាប់ព្រលឹងនៃការស្លាប់។ ប៉ុន្តែយ៉ាងណានៅពេលយុទ្ធនាការចាប់ផ្តើមដំបូងវាមិនទទួលបានផលឡើយ ដោយវាមិនបានធ្វើឲ្យអ្នកភូមិនៅផ្ទះទេ បែរជាឱ្យអ្នកភូមចេញក្រៅលើសដើម ហើយប្រមូលយកខ្មោចក្លែងក្លាយទាំងនោះដាក់ផ្ទះរៀងខ្លួនទៅវិញ។
ក្រោយមកទៀតក្រុមការងាររបស់លោក Anjar Pancaningtyas ក៏បានផ្លាស់ប្តូរគោលដៅ ដោយប្រើមនុស្សពិតឱ្យធ្វើជាខ្មោចបំភ័យវិញម្ដង ដែលវាជាការចូលរួមដោយអ្នលភូមិស្ម័គ្រចិត្ត។ គំនិតនេះមានលទ្ធផលល្អ ព្រោះចាប់តាំងពី pocong (មនុស្សពិត) លេចមុខឡើងមកបំភ័យ ពួកអ្នកស្រុកមិនបានចាកចេញពីផ្ទះរបស់ពួកគេទៀតទេ។
គួរឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ អ្នកឆ្លងវីរុសកូវីដ១៩ សរុបចំនួន ៤,២៤១ករណី នៅក្នុងប្រទេសឥណ្ឌូនេស៊ីហើយមានអ្នកស្លាប់ចំនួន ៣៧៣នាក់ ខណៈមានការបារម្ភថាចំនួននេះនឹងកើនឡើងខ្ពស់។ ទោះជាយ៉ាងណាប្រធានាធិបតីប្រទេសលោក Joko Widodo នៅមិនទាន់បិទទ្វារប្រទេសនៅឡើយ ប៉ុន្តែបានប្រាប់ឱ្យអនុវត្តអនាម័យ និងការរក្សាគម្លាត៕