ព្យុះកំណាចថូណាដូ វាយប្រហាររដ្ឋភាគខាងត្បូងអាមេរិក និងផ្តាច់ជីវិតមនុស្ស ៦នាក់

(វ៉ាស៊ីនតោន) មនុស្សយ៉ាងហោចណាស់ ០៦នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួស បន្ទាប់ពីព្យុះកួចកំណាចថូណាដូ(Tornadoes) បានវាយប្រហាររដ្ឋមីស៊ីស៊ីបពី (Mississippi) ភាគខាងត្បូងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០។

បើតាមអាជ្ញាធរអាមេរិក ប្រចាំរដ្ឋខាងលើនេះបានបញ្ជាក់ថា ព្យុះកំណាចថូណាដូលើកនេះ គឺត្រូវបានចាត់លំដាប់ថ្នាក់ ទៅក្នុងកម្រិតអាក្រក់បំផុតមួយ ដោយវាមិនត្រឹមតែបានបង្ក ឲ្យមនុស្សបាត់បង់ជីវិតនោះទេ ប៉ុន្តែលំនៅឋាន ទ្រពសម្បត្តិឯកជនសាធារណៈ និងហេដ្ឋរចនាសម្ព័ន្ធជាច្រើន ក៏ត្រូវបានវាកួចកម្ទេចយ៉ាងដំណំផងដែរ។

គួរបញ្ជាក់ថា សម្រាប់ព័ត៌មានខាងលើនេះ អាជ្ញាធររដ្ឋមីស៊ីស៊ីបពីគ្រាន់តែធ្វើ សេចក្តីរាយការណ៍ជាបឋមសិនប៉ុណ្ណោះ ដោយព័ត៌មានលម្អិតបន្ថែម អំពីការខូចខាតជារួម នឹងត្រូវប្រកាសក្នុងពេលឆាប់ៗ។ ក្រៅពីរដ្ឋមីស៊ីស៊ីបពី រដ្ឋអាឡាបាម៉ា និងហ្សកហ្ស៊ី ក៏បានទទួលរងឥទ្ធិពលពីព្យុះកំណាចថូណាដូនេះដែរ ប៉ុន្តែមិនធ្ងន់ធ្ងរឡើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open