ថៃសំណូមពរប្រជាជនកុំឲ្យជួបជុំពេលចូលឆ្នាំ ហើយព្រមានពីការពិន័យជាប្រាក់រាប់ពាន់ដុល្លារ និងការដាក់ពន្ធនាគារ
(បាងកក)៖ នាថ្ងៃអាទិត្យនេះ ប្រទេសថៃបានប្រកាសរកឃើញអ្នកឆ្លង COVID-19 ចំនួន៣៣ករណីថ្មី ហើយប្រជាជនខ្លួន៣នាក់ទៀតបានបាត់បង់ជីវិត ស្របពេលដែលអាជ្ញាធរថៃបន្តទទូចហើយទទូចទៀត កុំឲ្យមានការជួបជុំប្រមូលផ្តុំ ក្នុងឱកាសចូលឆ្នាំថ្មី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Bangkok Post នៅថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២០។
លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលទទួលបន្ទុកស្ថានការណ៍ COVID-19 របស់រដ្ឋាភិបាលថៃ បានបញ្ជាក់ថា អ្នកជំងឺ៣នាក់ដែលទើបតែស្លាប់ គឺជាជនជាតិថៃទាំងអស់ រួមមានបុរសអាយុ៧៤ឆ្នាំ និង៤៤ឆ្នាំ ព្រមទាំងទាំងស្រ្តីអាយុ៦៥ ឆ្នាំ។ បើតាមលោក Taweesilp អត្រាករណីឆ្លងថ្មី៣៣នាក់នោះ គឺជាតួលេខដ៏ទាបមួយ និងជាការថយចុះ៥ថ្ងៃជាប់គ្នាហើយ គិតចាប់តាំងពីថ្ងៃទី០៨ ខែមេសា ដែលមាន១១១ករណី។ អត្រាករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតសម្រាប់ប្រទេសថៃ គឺ១៨៨ករណី កាលពីថ្ងៃទី២២ខែមីនា។
យ៉ាងណាមិញ លោក Taweesilp បានបន្ថែមថា គ្រប់គ្នាត្រូវតែបង្កើនការប្រុងប្រយ័ត្ន ដោយមិនអាចធ្វេសប្រហែស ឬមើលស្រាលស្ថានការណ៍ដាច់ខាត ជាពិសេសនៅចំពោះមុខការមកដល់នៃបុណ្យសង្រ្កានចូលឆ្នាំថ្មី ដែលបើតាមទំនៀមទម្លាប់ត្រូវប្រព្រឹត្តទៅនៅថ្ងៃចន្ទ ស្អែកនេះ បើទោះជាពិធីអបអរផ្លូវការ និងថ្ងៃឈប់សម្រាក ត្រូវបានរដ្ឋាភិបាលថៃសម្រេចលើកទៅពេលក្រោយក៏ដោយ។
លោក Taweesilp បានស្នើកុំឲ្យមានការប្រមូលផ្តុំលេងជះ–បាញ់ទឹកដូចរាល់ឆ្នាំ ព្រោះវាអាចបង្កហានិភ័យនៃការឆ្លងរាលដាលជំងឺCOVID-19 កាន់តែខ្លាំង ហើយលោកក៏បានព្រមានចាត់ការតាមផ្លូវច្បាប់ទៅលើការប្រមូលផ្តុំជួបជុំគ្នាផងដែរ កំឡុងឱកាសចូលឆ្នាំខណៈដែលបច្ចុប្បន្នប្រទេសថៃកំពុងស្ថិតក្រោមគ្រាអាសន្ន។ អ្នកល្មើសបម្រាមទៅប្រមូលគ្នា អាចប្រឈមការពិន័យជាប្រាក់រហូតដល់១០០,០០០បាត (ជាង៣,០០០ដុល្លារអាមេរិក) និងការជាប់ពន្ធនាគារ១ឆ្នាំ។
គួរជម្រាបថា យោងតាមតួលេខនាថ្ងៃអាទិត្យនេះ ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសថៃ បានបន្តកើនដល់២,៥៥១នាក់ ក្នុងនោះ៣៨នាក់ស្លាប់ និងជាសះស្បើយ១,២១៨នាក់។ ក្នុងចំណោមរាជធានី–ខេត្តសរុប៧៧របស់ថៃ ៦៨រាជធានី–ខេត្តមានករណី ឆ្លងជំងឺនេះ ៕