សម្តេចតេជោ បានបញ្ជាក់ថា ពលរដ្ឋអាចសែនទទួលទេវតាឆ្នាំថ្មី តែការប្រមូលផ្ដុំ មនុស្សច្រេីន កន្លែងសាធារណៈ វត្តអារាម ត្រូវផ្អាក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋអាចប្រារព្ធពិធីសែន ទទួលទេវតាឆ្នាំថ្មីនៅតាមគេហដ្ឋានរៀងៗខ្លួន ប៉ុន្តែចំពោះការប្រមូលផ្តុំ មនុស្សច្រើននៅតាមវត្តអារាម រួមទាំងកម្មវិធីកំសាន្តសប្បាយនានា នៅតាមទីធ្លាសាធារណៈ ទូទាំងប្រទេស ត្រូវបានផ្អាកសម្រាប់ឆ្នាំនេះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង កម្ចាត់មេរោគឆ្លងកូវីដ-១៩ ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ថា “ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ គឺនឹងមកដល់ នៅថ្ងៃទី១៣-១៦ មេសាស្អែកនេះ។ បងប្អូនប្រជាពលរដ្ឋ អាចប្រារព្ធពិធីសែនទទួលទេវតាឆ្នាំថ្មី នៅតាមគេហដ្ឋានរៀងៗខ្លួន។ ចំពោះការប្រមូលផ្តុំមនុស្ស ច្រើននៅតាមវត្តអារាម រួមទាំងកម្មវិធីកំសាន្តសប្បាយនានា នៅតាមទីធ្លាសាធារណៈ និងតាមបណ្តាវត្តទូទាំងប្រទេស គឺត្រូវបានផ្អាកសម្រាប់ឆ្នាំនេះ ដោយសារប្រទេសយើងកំពុង ចូលរួមប្រយុទ្ធប្រឆាំងកម្ចាត់មេរោគឆ្លងកូវីដ-១៩ ជាមួយពិភលោក។ ចំពោះមុខ គឺអាយុជីវិតរបស់បងប្អូន ប្រជាពលរដ្ឋសំខាន់ខ្លាំងបំផុត” ។

សម្ដេចតេជោបន្ដថា ទន្ទឹមនឹងនេះ មានវិធីចាំបាច់ងាយៗមួយចំនួន ដែលពលរដ្ឋអាចធ្វើបានដើម្បី ការពាររោគឆ្លងកូវីដ១-៩ គឺត្រូវពាក់ម៉ាស ឬក្រមា, ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ, ទឹកអាល់កុល ឬជិលសម្លាប់មេរោគនិងបាក់តេរី, កុំនៅផ្តុំគ្នាច្រើន, កុំបម្លាស់ប្តូរទីពីកន្លែងមួយ ទៅកន្លែងមួយក្នុងពេលដែល មានការរីករាលដាលឆ្លងដែលមើលមិនឃើញ ដែលអាចនាំមេរោគទៅគេ ឬពីគេមកមកខ្លួនឯង ទាំងក្នុងពេលធ្វើដំណើរ និងក្នុងពេលស្នាក់អាស្រ័យនៅជាដើម។

សម្ដេចតេជោរំលឹកថា ដោយសារជំងឺកូវីដ១៩ នេះងាយឆ្លងលឿនសាហាវពេក ទើបរាជរដ្ឋាភិបាលសម្រេចដាក់ បម្រាមហាមមិនអោយពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅកាន់ខេត្តមួយ និងបានលើកថ្ងៃចូលឆ្នាំខ្មែរ២០២០ ទៅពេលក្រោយដែលនឹងសងជូន ថ្ងៃឈប់សម្រាក ៥ថ្ងៃមកវិញ នៅពេលណាដែល ប្រទេសជាតិវិលត្រឡប់មកកាន់ ស្ថានភាពធម្មតាគ្មានជំងឺកូវីដ-១៩ ។

បន្ថែមពីលើនេះ នាយករដ្ឋមន្ត្រី ក៏បានអរគុណមន្រ្តីរាជការ ក្រុមហ៊ុនឯកជន និងកម្មករដែលចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកូវីដ១៩ ដោយបន្តធ្វើការងារជាធម្មតា នៅក្នុងកំឡុងពេលចូលឆ្នាំនេះ ៕Image may contain: 1 person, sitting

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds