អង្គការសុខភាពពិភពលោក ជំរុញឲ្យយកចិត្តទុកដាក់ការពារចំពោះបុគ្គលិកសុខាភិបាល ខណៈអ្នកប្រយុទ្ធជួរមុខទាំងនេះច្រើនជាង ២២,០០០នាក់ ឆ្លង COVID-19 នៅជុំវិញពិភពលោក
(ហ្សឺណែវ)៖ នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ជំងឺ COVID-19 បានឆ្លងដល់បុគ្គលិក ផ្នែកសុខាភិបាលច្រើនជាង២២,០០០នាក់ នៅក្នុងប្រទេសនិងដែនដីចំនួន៥២ជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២០។
យោងតាមរបាយការណ៍របស់ WHO គិតត្រឹមថ្ងៃពុធ ទី០៨ ខែមេសា កន្លងទៅនេះ ករណីឆ្លង COVID-19 ចំនួន២២,០៧៣ករណី ក្នុងចំណោមបុគ្គលិកសុខាភិបាល ត្រូវបានរាយការណ៍។ យ៉ាងណាមិញ របាយការណ៍ដដែលបានគូសបញ្ជាក់ថា ចំនួនពិតប្រាកដ ប្រហែលច្រើនជាងនេះទៅទៀត ព្រោះតែមិនមានប្រព័ន្ធជារួមណាមួយ សម្រាប់រាយការណ៍មកកាន់ WHO ឡើយ។ បើតាមសេចក្តីរាយការណ៍ព័ត៌មាននាពេលកន្លងមក មិនត្រឹមតែមានអ្នកឆ្លងនោះទេ បុគ្គលិកសុខាភិបាលខ្ទង់រយក៏បានស្លាប់ថែមទៀតផង ដោយសារ COVID-19។
គួរជម្រាបថា ដើម្បីការពារបុគ្គលិកសុខាភិបាល ដែលជាអ្នកប្រយុទ្ធជួរមុខនៅក្នុងសង្រ្គាមប្រឆាំងជំងឺរាតត្បាតជាសកល COVID-19 អង្គការ WHO បានសង្កត់ធ្ងន់អំពីការប្រើប្រាស់ឲ្យបានត្រឹមត្រូវនូវសម្ភារការពារខ្លួន ដូចជាម៉ាស វ៉ែនតាការពារ ស្រោមដៃ និងសម្លៀកបំពាក់សុវត្ថិភាព ជាដើម។ បន្ថែមពីនេះ WHO ក៏បានអំពាវនាវឲ្យមានការគោរពដល់លក្ខខណ្ឌបម្រើការងារ និងការយកចិត្តទុកដាក់ចំពោះពួកគេ ផងដែរ៕