ឥណ្ឌូណេស៊ីកើនចំនួនអ្នកឆ្លង COVID-19 ដល់៣,៨៤២នាក់ ក្នុងនោះស្លាប់ ៣២៧នាក់
(ម៉ានីល)៖ ចំនួនករណីឆ្លងសរុបនៃជំងឺ COVID-19 ក្នុងប្រទេសឥណ្ឌូណេស៊ី បានកើនឡើងដល់ ៣,៨៤២ករណីហើយ ក្នុងនោះមនុស្សសរុប ៣២៧នាក់ស្លាប់ គិតត្រឹមល្ងាចថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០ ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
អ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌូណេស៊ីលោក អាកម៉ាត់ យូរៀនតូ (Achmad Yurianto) បានគូសបញ្ជាក់ឲ្យដឹងទៀតថា ចំនួនអ្នកជាសះស្បើយវិញពីជំងឺ COVID-19 ក៏បានកើនឡើងដល់ ២៨៦នាក់ផងដែរ។ សម្រាប់តំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេនោះ គឺនៅតែជារដ្ឋធានីហ្សាការតា ដែលរ៉ាប់រងករណីស្លាប់រហូតដល់ ១៥៩នាក់ ក្នុងចំណោមករណីស្លាប់សរុប ៣២៧នាក់។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះខេត្តទាំង ៣៤ របស់ប្រទេសឥណ្ឌូណេស៊ី សុទ្ធតែកើតមានករណីឆ្លងជំងឺ COVID-19 បន្ទាប់ពីខេត្ត ហ្គោរ៉ុនតាឡូ (Gorontalo) ដែលស្ថិតនៅភាគខាងជើងនៃកោះស៊ូឡាវ៉េស៊ី (Sulawesi) ទើបតែបានប្រកាស ពីការរកឃើញករណីឆ្លង COVID-19 ម្នាក់ចុងក្រោយគេ នៅក្នុងថ្ងៃសៅរ៍នេះ៕