កប៉ាល់ខ្នាតធំមួយ ដែលផ្ទុកអ្នកជំងឺ COVID-19 ជិត១០០នាក់ ប៉ុន្តែត្រូវបានអនុញ្ញាតឲ្យចូលចតនៅអូស្ត្រាលី!
(ស៊ីដនី)៖ អ្នកដំណើរនៅលើកប៉ាល់ខ្នាតយក្សមួយគ្រឿង ដែលរងការវាយប្រហារដោយវីរុស COVID-19 ត្រូវបានអនុញ្ញាតឱ្យចុះពីលើកប៉ាល់នៅឯកំពង់ផែ ស៊ឺឃ្យូឡឺ ខ្វេយ (Circular Quay) នៃទីក្រុងស៊ីដនី ប្រទេសអូស្ត្រលី បើទោះជាអាជ្ញាធរទទួលបានដំណឹងថា មនុស្ស ១៣នាក់ នៅលើកប៉ាល់ធ្លាក់ខ្លួនឈឺក៏ដោយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០។
បើតាមទូរទស្សន៍ សេវិនញូស (Seven News channel) អ្នកគ្រប់គ្រងកប៉ាល់ខាងលើដែលមានឈ្មោះ អូវេសិនអូហ្វដឺស៊ី (Ovation of the Seas) ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ ខារីបបៀន (Royal Caribbean) បានប្រាប់អាជ្ញាធរសហព័ន្ធពីស្ថានភាព អ្នកដំណើរដែលធ្លាក់ខ្លួនឈឺ ក្នុងនោះមានអ្នកជំងឺ ០៣នាក់ក្ដៅខ្លួនខ្លាំង មុននឹងចូលចតនៅឯកំពង់ផែ Circular Quay កាលពីថ្ងៃទី១៨ ខែមីនា។ ប៉ុន្តែអាជ្ញាធរសុខាភិបាលអូស្ត្រាលី នៅតែអនុញ្ញាតឱ្យកប៉ាល់នេះចូលចត ដោយគ្មានការត្រួតពិនិត្យ។ មកទល់នឹងបច្ចុប្បន្ន អ្នកដំណើរ ៩៨នាក់លើកប៉ាល់ Ovation of the Seas ត្រូវ បានធ្វើតេស្ដវិជ្ជមាន COVID-19 ហើយក្នុងចំណោមពួកគេ មានបុរសអាយុ ៧២ឆ្នាំម្នាក់បានស្លាប់។
គួរជម្រាបថា សេចក្ដីរាយការណ៍របស់ទូរទស្សន៍ Seven News channel កើតមានឡើង ខណៈលេចលឺព័ត៌មានថា មានការស៊ើបអង្កេតពីបទឧក្រិដ្ឋមួយ កំពុងធ្វើឡើងលើកប៉ាល់ Ovation of the Seas បន្ទាប់ពីអ្នកដំណើរ ២,៧០០នាក់ នៅលើកប៉ាល់មួយផ្សេងទៀត រ៉ាប៊ី ព្រីនសេស (Ruby Princess) ត្រូវបានអនុញ្ញាតឱ្យអ្នកដំណើរចុះពីលើកប៉ាល់ កាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅ។ អ្នកដំណើរលើកប៉ាល់ Ruby Princess ត្រូវបានគេរាយការណ៍ថា មានជាប់ពាក់ព័ន្ធនឹងករណីឆ្លង COVID-19 រាប់រយនាក់ ហើយមានមនុស្ស ១៥នាក់បានស្លាប់។
កប៉ាល់ Ovation of the Seas មានគោលដៅធ្វើដំណើរ ពីទីក្រុងស៊ីដនី ទៅកាន់ប្រទេសនូវែលសេឡង់ និងបណ្ដាកោះនៃតំបន់ប៉ាស៊ីហ្វិក។ ប៉ុន្តែគោលដៅនេះត្រូវបានផ្លាស់ប្ដូរ ក្រោយនាយករដ្ឋមន្ត្រីអូស្រ្តាលីលោក ស្កុត ម៉ូរីសសុន (Scott Morrison) បិទព្រំដែនទឹក និងបង្គាប់ឱ្យកប៉ាល់នេះត្រឡប់ក្រោយ ខណៈបើតាម Seven News channel អ្នកដំណើរទាំងអស់មិនទទួលបានការប្រឹក្សាយោបល់ពីអាជ្ញាធរសុខាភិបាលអូស្ត្រាលី ឱ្យនៅដាច់ដោយឡែកភ្លាមៗនោះទេ៕