ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថាអ្នកជំងឺកូវីដ១៩ចំនួន៣នាក់ បានជាសះស្បើយនិង រកឃើញអ្នកមានជំងឺកូវីដ-១៩ម្នាក់ថ្មីទៀត គឺជាស្ត្រីជនជាតិចិនអាយុ៣១ឆ្នាំស្នាក់នៅសង្កាត់បឹងកេងកង១

(ភ្នំពេញ)៖ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសនូវដំណឹងល្អដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៣នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងរហូតដល់៧៥នាក់ និងរកឃើញករណីឆ្លងថ្មីម្នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៤៥នាក់ នៃអ្នកឆ្លងសរុប១២០នាក់។

អ្នកជាសះស្បើយទាំង៣នាក់រួមមាន៖

* ស្ត្រីជនជាតិបារាំងអាយុ៤៨ឆ្នាំ ជាភ្ញៀវទេសចរបារាំងមកកម្សាន្តខេត្តព្រះសីហនុ បានជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានរុសកូវីដ-១៩ ចំនួន០២លើក ហើយកំពុងដាក់ស្នាក់នៅបន្ទប់ ដាច់ដោយឡែកនៃសណ្ឋាគារ ក្នុងក្រុងព្រះសីហនុ រង់ចាំជើងហោះហើរវិលត្រឡប់ទៅប្រទេសបារាំងវិញ។

* បុរសជនជាតិខ្មែរអាយុ៣៦ឆ្នាំ នៅភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត បានជាសះស្បើយដោយទទួលបានលទ្ធផល តេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តកោះកុង។ បុរសរូបនេះ ជាអ្នកដែលស្និទ្ធស្នាល ជាមួយក្រុមអ្នក ទៅចូលរួមពិធីសាសនានៅម៉ាឡេស៊ី និងមានមុខរបរជាចុងភៅ ហើយបានអមដំណើរទៅផ្សព្វផ្សាយសាសនា នៅខេត្តកោះកុង និងបានសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកោះកុង។

* បុរសជនជាតិខ្មែរអាយុ៦២ឆ្នាំ នៅរាជធានីភ្នំពេញ មានប្រវត្តិធ្វើដំណើរមកពីប្រទេសបារាំង ហើយបានជាសះស្បើយដោយទទួលលទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ-១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌល សុខភាពចាក់អង្រែក្រោម។

ដោយឡែកចំពោះករណីរកឃើញអ្នកមានជំងឺកូវីដ-១៩ម្នាក់ថ្មីទៀត គឺជាស្ត្រីជនជាតិចិនអាយុ៣១ឆ្នាំ ទទួលលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត។ ស្ត្រីរូបនេះ ស្នាក់នៅបណ្ដោះអាសន្ននៅផ្លូវ ៣៥២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ ជាអ្នកទេសចរ និងជាមិត្តភក្ដិរបស់ស្ត្រីជនជាតិចិនអាយុ៣០ឆ្នាំ ដែលបានរកឃើញមានវីរុសកូវីដ-១៩ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open