គ្រឿងសំអាងក្លែងក្លាយ និងគ្មានច្បាប់អនុញ្ញាត ជាង១៣តោន ត្រូវបានសមត្ថចុះចាប់ពីអ្នកលក់តាមអនឡាញ (Face Book)
(ភ្នំពេញ)៖ សមត្ថកិច្ចចម្រុះ ដឹកនាំដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំង នឹងផលិតផលក្លែងក្លាយរបស់ក្រសួងមហាផ្ទៃ បានចុះបង្ក្រាបផលិតផលនាំចូលស្តុកទុក និងចែកចាយខុសច្បាប់ ចំនួនជាង២,០០០កេស ស្មើនឹងប្រមាណ១៣តោន (សារធាតុសម្លាប់មេរោគ និងគ្រឿងសម្អាង) នៅកន្លែងស្តុកទុកមួយកន្លែងរបស់អ្នកលក់តាមប្រព័ន្ធអនឡាញ(ហ្វេសបុក) នៅខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីថ្ងៃទី៩ ម្សិលមិញនេះ។
យោងតាមរបាយការណ៍ របស់សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច របស់គណៈម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះបង្ក្រាបផលិតផលនាំចូលស្តុកទុក និងចែកចាយខុសច្បាប់ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អាជ្ញាធរដែនដី មន្ត្រីសុខាភិបាលខណ្ឌ និងមន្ត្រីកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ។
របាយការណ៍ បានបង្ហាញថា ការចុះត្រួតពិនិត្យនេះ គណៈកម្មាធិការអន្តរក្រសួង របស់ គ.ប.ផ.ក បានរកឃើញផលិតផលខុសច្បាប់ជាច្រើនមុខ សរុបចំនួនជាង ២,០០០កេស ស្មើនឹងប្រមាណ១៣តោន (សារធាតុសម្លាប់ មេរោគ ម៉ាស់ និងគ្រឿងសម្អាង) ដូចជា សាប៊ូកក់សក់ម៉ាក Max Care ចំនួន ៥កេស, សប៊ូកក់សក់ម៉ាក THDH ចំនួន ៥៦០កេស, ក្រណាត់ស៊ើម សម្លាប់មេរោគ៧០០កេស, ម៉ាស់ម៉ាក HI PM2.5 ចំនួន ៤កេស,ជែលលាងដៃសម្លាប់មេរោគម៉ាក SOUEEUE (៥០០ម.ល) ចំនួន ៤៧៥កេស,ជែលលាងដៃសម្លាប់មេរោគម៉ាក Max Care (៥៥ម.ល) ចំនួន ៦០កេស, Spray បណ្តុះសក់ចំនួន ៥កេស,និងSpray អាល់កុលម៉ាក Ferfanduo (១០០ម.ល) ចំនួន ៤៥កេស។
ប្រភពដដែល បានបញ្ជាក់ទៀតថា បន្ទាប់ពីបានត្រួតពិនិត្យផលិតផលទាំងនេះ សមត្ថកិច្ចចម្រុះ បានពិនិត្យ និងសន្និដ្ឋានបឋមទីតាំងនាំចូលស្តុកទុក និងចែកចាយខាងលើមិនអនុលោមតាមច្បាប់កំណត់ដូចជា ពុំមានលើកស្លាកយីហោត្រឹមត្រូវ,ផលិតផលទាំងនេះ ពុំមានចុះបញ្ជិកា រ ឬលេខប្រវេទន៍ ពីក្រសួងសុខាភិបាល,គ្មានអាជ្ញាប័ណ្ណបើកគ្រឹះស្ថានអាហរ័ណ នីហរ័ណគ្រឿងសម្អាង ពីក្រសួងសុខាភិបាល,គ្មានលិខិតបញ្ជាក់គុណភាពផលិតផលពីក្រសួងស្ថាប័នមានសមត្ថកិច្ច,ផលិតផលទាំងនេះ អាចនឹងអន់គុណភាព ដែលអាចប៉ះពាល់ដល់សុខភាពស្បែក,គ្មានវិញ្ញាបនបត្របញ្ជាក់ការដាក់លក់ផលិតផលលើទីផ្សារ, បានធ្វើការឃោសនាផ្សព្វផ្សាយផលិតផលទាំងនេះតាមបណ្តាញសង្គម Facebook ដោយមិនបានស្នើសុំការការអនុញ្ញាតពីក្រសួងសុខាភិបាលជាដើម។
ក្រោយពីបានពិនិត្យ និងការសន្និដ្ឋានខាងលើ សមត្ថកិច្ចចម្រុះ សម្រេចផ្អាកអាជីវកម្មបណ្តោះអាសន្ន ហើយផលិតផលទាំងនេះឃាត់រក្សាទុកនៅទីតាំងដដែល និងដកហូតវត្ថុតាងមួយចំនួនយកទៅធ្វើការពិសោធន៍និងសមត្ថកិច្ចចម្រុះ របស់ គ.ប.ផ.ក កំពុងបានបន្តនីតិវិធី ចាត់វិធានការតាមច្បាប់។
យ៉ាងណាក៏ដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៅ បានបន្ត អំពាវនាវដល់សាធារណៈជនមេត្តាចូលរួម និងសហការផ្តល់ព័ត៌មានអំពីទីតាំងចែកចាយ ឬជនផលិត ដែលចែកចាយផលិតផលក្លែងក្លាយ-ខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពសង្គម ៕