នៅសហរដ្ឋអាមេរិក តែមួយថ្ងៃសោះមានអ្នកស្លាប់ជាង ២ពាន់នាក់ដោយសារកូវីដ១៩ ខណៈអ្នកស្លាប់សរុបកើនដល់១៤,៧៦៦នាក់
(វ៉ាស៊ីនតោន)៖ យោងតាមគេហទំព័រអន្តរជាតិ Worldometer នៅរយៈពេល ២៤ម៉ោងចុងក្រោយនេះ មនុស្សសរុប ១,៩២៥នាក់ទៀត បានបាត់បង់ជីវិត នៅទូទាំងសហរដ្ឋអាមេរិក ដែលជាតួលេខអាក្រក់បំផុតពីរថ្ងៃជាប់ៗគ្នាមកហើយ ធ្វើឲ្យចំនួនមនុស្សស្លាប់សរុប ដោយសារតែជំងឺរាតត្បាតសកល COVID-19 នៅក្នុងប្រទេសមហាអំណាចមួយនេះ កើនឡើងដល់ ១៤,៧៦៦នាក់។ នេះបើតាមការដកស្រង់ទិន្នន័យ នៅវេលាម៉ោង ៨៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០។
សម្រាប់ករណីឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក ក៏បានកើនឡើង ៣០,៥៦៧ករណីបន្ថែមទៀតផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងដូចគ្នា ដែលជាហេតុធ្វើឲ្យចំនួនសរុបកើនដល់ ៤៣០,៩០២ករណី ខ្ពស់ជាងគេដាច់ឆ្ងាយតែម្តងពីបណ្តាប្រទេស ដែលកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារ COVID-19 ផ្សេងៗទៀត ខណៈអ្នកជាសះស្បើយវិញមានសរុប ២២,៣៥៦នាក់៕