អាល្លឺម៉ង់ ករណីឆ្លងជំងឺ COVD-19 កើនដល់លើស ១០០,០០០នាក់ហើយ ប៉ុន្តែអត្រាស្លាប់នៅមានកម្រិតទាប
(ប៊ែរឡាំង)៖ យោងតាមគេហទំព័រ Worldometer នៅវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេសអាល្លឺម៉ង់ ដែលជាប្រទេសធំជាងគេប្រចាំទ្វីបអឺរ៉ុបនោះ បានកើនឡើងដល់ ១០៧,៦៦៣ករណីហើយ ដោយឈរនៅលេខ ៥ លើពិភពលោកបន្ទាប់ពី សហរដ្ឋអាមេរិក អេស្ប៉ាញ អ៉ីតាលី និងបារាំង។
ក្រៅពីចំនួនករណីឆ្លងកើនឡើងបន្ថែមទៀតនោះ ចំនួនមនុស្សស្លាប់ ក៏បានកើនឡើងដល់ ២,០១៦នាក់ផងដែរ។ អាល្លឺម៉ង់មានភាពលេចធ្លោខ្លាំង តាមរយៈអត្រាស្លាប់ដែលមានកម្រិតទាបខ្លាំង បើធៀបនឹងប្រទេសកំពូលៗមួយចំនួន ដែលមានករណីឆ្លងប្រហាក់ប្រហែលគ្នា តែមានមនុស្សស្លាប់លើសអាល្លឺម៉ង់ឆ្ងាយ ឧទាហរណ៍ប្រទេសអ៉ីតាលីមានអ្នកឆ្លងសរុបជាង ១៣៦ពាន់ករណី ប៉ុន្តែមានមនុស្សស្លាប់រហូត ១៧,១២៧នាក់ និងអេស្ប៉ាញមានអ្នកឆ្លងសរុប ១៤៦ពាន់ករណី ប៉ុន្តែមានមនុស្សស្លាប់រហូតដល់ ១៤,៥៥៥នាក់។
គួរបញ្ជាក់ថា ក្រៅពីអត្រាមនុស្សស្លាប់តិចជាងប្រទេសផ្សេងៗនោះ ចំនួនអ្នកជាសះស្បើយវិញក៏ស្ថិតក្នុងអត្រាខ្ពស់ផងដែរ ដោយពេលនេះចំនួនអ្នកជាសះស្បើយនៅអាល្លឺម៉ង់ បានកើនឡើងដល់ ៣៦,០៨១នាក់ហើយ៕