លោក ដូណាល់ ត្រាំ បាននិយាយថាភាគច្រើននៃអ្នកឆ្លង COVID-19 នៅអាមេរិក គឺជាពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិក
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិក មានភាគរយច្រើនជាងគេ ក្នុងចំណោមករណីឆ្លង COVID-19 ទាំងអស់នៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០។
នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ចំពោះមុខអ្នកសារព័ត៌មាននៅឯសេតវិមាន លោក ត្រាំ ក៏បានបញ្ជាក់ផងដែរថា លោកពិតជាមានការព្រួយបារម្ភជាខ្លាំង ជុំវិញករណីឆ្លងក្នុងចំនួនដ៏ច្រើន នៃពលរដ្ឋអាមេរិកដើមកំណើតអាហ្រ្វិក ហើយលោកសន្យានឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីដោះស្រាយបញ្ហាទាំងនេះ ព្រមទាំងចេញផ្សាយទិន្នន័យលម្អិតពីករណីឆ្លង COVID-19 តាមពូជសាសន៍នៅក្នុងសហរដ្ឋអាមេរិក នៅពេលអនាគតដ៏ខ្លីខាងមុខ។
គួរជម្រាបថា បើតាមគេហទំព័រ Worldometer គិតត្រឹមម៉ោង១០៖០០នាទីព្រឹកថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០នេះតែម្តង ចំនួនករណីឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនដល់៤០០,៤១២ករណី ក្នុងនោះស្លាប់១២,៨៥៤នាក់ និងជាសះស្បើយ២១,៦៧៤នាក់៕