សិង្ហបុរីរកឃើញអ្នកឆ្លង COVID-19 ថ្មីរហូតដល់ជាង១០០នាក់ក្នុងមួយថ្ងៃ
(សិង្ហបុរី)៖ នៅក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញ ប្រទេសសិង្ហបុរីបានរកឃើញអ្នកឆ្លង COVID-19 សរុបចំនួន១០៦នាក់ថ្មីទៀត ដែលធ្វើឲ្យចំនួនសរុបនៃករណីឆ្លង ជំងឺរាតត្បាតសកលក្នុងប្រទេសដីកោះមួយនេះ កើនឡើងដល់ ១,៤៨១ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០។
សិង្ហបុរីគឺជាប្រទេសដែលមានផ្ទៃដីតូច តែមានប្រជាជនច្រើនរហូតដល់ជិត ៦លាននាក់ ហើយប្រទេសនេះក៏ស្ថិតនៅក្នុងចំណោម ប្រទេសអាស៊ានមួយចំនួនទៀត ដែលបានរកឃើញករណីឆ្លង COVID-19 មុនគេផងដែរ ប៉ុន្តែករណីឆ្លងនៅសិង្ហបុរីមានអត្រាទាប បើធៀបនឹងប្រទេសថៃ ម៉ាឡេស៊ី និងហ្វីលីពីនជាដើម ហើយជាពិសេសសិង្ហបុរីគ្មានករណីស្លាប់នោះឡើយ។
គួរបញ្ជាក់ថា សិង្ហបុរីក៏តែងរកឃើញករណីឆ្លង COVID-19 ជាចង្កោមៗផងដែរ ជាពិសេសពីសំណាក់ជនបរទេស ដែលបានចូលមកកាន់ប្រទេសដីកោះមួយនេះ។ នៅក្នុងចំណោមករណីឆ្លងសរុបទាំង ១,៤៨១ករណីខាងលើនេះ មានសរុប៣៧៧នាក់ហើយបានជាសះស្បើយ៕