គ្រូពេទ្យនៅជប៉ុន ១៨នាក់ បានឆ្លងCOVID19 ដោយសារមិនព្រមបញ្ឈប់ការជួបជុំ និងបានហូបបាយជុំគ្នារាប់សិបនាក់
(ជប៉ុន) មន្ទីរពេទ្យសាកលវិទ្យាល័យ Keio ក្នុងទីក្រុងតូក្យូនិយាយថា គ្រូពេទ្យដែលបានមកទទួលការបណ្តុះបណ្តាលចំនួន ១៨នាក់ បានឆ្លងវីរុស COVID-19 ។ ការឆ្លងនេះបានលេចឡើងមក បន្ទាប់ពីមានសិក្ខាកាម ៤០នាក់ បានចូលរួមទទួលទានអាហារជាមួយគ្នា ទោះបីត្រូវបានព្រមានម្តងហើយម្តងទៀតថាកុំនៅប្រមូលផ្ដុំគ្នាក៏ដោយ។ សាកលវិទ្យាល័យបាននិយាយថា មានគ្រូពេទ្យម្នាក់បានធ្វើតេស្តវិជ្ជមានជាមួយវីរុស COVID-19 កាលពីថ្ងៃទី៣១ ខែមីនា ហើយការធ្វើតេស្តបន្តទៀតបានរកឃើញថា មានការឆ្លងចំនួន ១៧បន្ថែម ក្នុងចំណោមគ្រូពេទ្យ ៩៩នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយសិក្ខាកាមដំបូង។
របាយការណ៍និយាយថា សិក្ខាកាមទាំង ៩៩នាក់ផ្សេងទៀត ដែលមានទំនាក់ទំនងជាមួយអ្នកឆ្លងដំបូង ត្រូវបានគេប្រាប់ឱ្យនៅដាច់ពីគេនៅផ្ទះរយៈពេល ២សប្តាហ៍ និងត្រូវទទួលការធ្វើតេស្តរកមេរោគ។ ជាលទ្ធផលសម្រាប់ការតាមដាននេះ មានពេទ្យ ១៨នាក់ បានបញ្ជាក់ថាឆ្លងនៅថ្ងៃច័ន្ទនេះ ហើយពួកគេទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
មន្ទីរពេទ្យសាកលវិទ្យាល័យ Keio និយាយថា ក្នុងអំឡុងពេលនៃការស្ទង់មតិរបស់ខ្លួនទាក់ទងនឹងទំនាក់ទំនងដែលគេសង្ស័យ វាបានដឹងថា មានសិក្ខាកាមប្រហែល ៤០នាក់ បានមកទទួលទានអាហារជាមួយគ្នា។ មន្ទីរពេទ្យបានផ្តល់ការសុំទោសយ៉ាងជ្រាលជ្រៅ ហើយហៅសកម្មភាពរបស់ពួកគេថាមិនអាចលើកលែងបាន ខណៈអ្នកផ្តល់សេវាថែទាំសុខភាពគួរមានកាតព្វកិច្ចការពារអាយុជីវិតរបស់អ្នកជំងឺ មិនមែនខ្វះការយល់ដឹងពីគ្រូពេទ្យបែបនេះទេ៕