លោក ពេជ្រ ស្រស់ ធ្វើការសុំទោសដល់ពលរដ្ឋខ្មែរដែលលោកស្នើរដ្ឋាភិបាលមិនបានសម្រេចជុំវិញការពន្យាក្នុងការសងបំណុលរបស់ពលរដ្ឋជូនធនាគារ
(ភ្នំពេញ)៖ ដោយសារតែការស្នើសុំរបស់លោកពេជ្រ ស្រស់ ទៅរាជរដ្ឋាភិបាលទាក់ទងទៅនឹងការសុំឲ្យម្ចាស់មីក្រូហិរញ្ញវត្ថុអោយពន្យា ក៏ដូចជាអនុគ្រោះ សម្រាប់ការបង់បំណុលរបស់ប្រជាពលរដ្ឋមិនបានសម្រេចនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់បានធ្វើការសុំទោសទៅដល់បងប្អូនប្រជាពលរដ្ឋចំពោះការស្នើសុំមិនបានសម្រេចជូនបងប្អូនប្រជាពលរដ្ឋ។
តាមរយៈសំណេរនៅលើគេហទំព័រហ្វេសប៊ុករបស់លោក ពេជ្រ ស្រស់ បានសរសេរយ៉ាងដូច្នេះថា
«ឲ្យខ្ញុំសុំទោសបងប្អូនខ្មែរផង ខ្ញុំខំប្រឹងអស់លទ្ធភាពហើយ» ។
សូមជម្រាបថា ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ នៅក្នុងអំឡុងពេលដែលជំងឺ កូវីដ19 បានរាតត្បាតមកដល់ប្រទេសកម្ពុជានោះ លោក តែងតែធ្វើការស្នើសុំទៅរាជរដ្ឋាភិបាលទាក់ទិនទៅនឹងរឿងរ៉ាវដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ជាក់ស្ដែងទាក់ទងទៅនឹងការសុំស្នើទៅរដ្ឋាភិបាលក្នុងការឲ្យម្ចាស់មីក្រូហិរញ្ញវត្ថុ ក៏ដូចជាធនាគារឯកជនមួយចំនួន ក្នុងការយោគយល់ពន្យាការការបង់បំណុលនោះរហូតដល់ពេលនេះគឺមិនទាន់ទទួលបាននូវដំណោះស្រាយជូនដល់ពួកគាត់នៅឡើយនោះទេដោយក្នុងនោះធនាគារជាតិនៃកម្ពុជាបានផ្ដល់នូវដំណោះស្រាយលើហេតុផលមួយចំនួនតែប៉ុណ្ណោះប៉ុន្តែមិនសម្រាប់ប្រជាពលរដ្ឋដែលជំពាក់ធនាគារទូទៅនោះទេ។
លោក ពេជ្រ ស្រស់ ធ្លាប់បានលើកឡើងថា ពេលខ្លះលោកឈឺចាប់ជំនួសប្រជាពលរដ្ឋទៀតនៅពេលដែលពួកគាត់កំពុងតែជួបនូវវិបត្តិនៃជំងឺកកូវីដ១៩ នេះហើយអ្វីដែលសំខាន់លោកមិនអាចជួយអ្វីបានពីព្រោះលោកគ្មានសិទ្ធិអំណាចអ្វីទេ បានត្រឹមតែជួយផ្សព្វផ្សាយនិងអំពាវនាវទៅរដ្ឋាភិបាលតែប៉ុណ្ណោះ។
គួររំលឹកថា ក្រោយពីលោកពេជ្រ ស្រស់ អំពាវនាវ ឃើញថាធនាគារជាតិចាប់ផ្តើមដាក់ចេញវិធានការចំនួនបីដើម្បីទប់ទល់ការរីករាលដាល នៃវីរុស Covid-19 ក្នុងនោះផងដែរ ធនាគារជាតិនៃកម្ពុជា បានណែនាំដល់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ លើចំណុចមួយចំនួនដូចជា ទី១ ត្រូវបន្តផ្តល់ឥណទានឱ្យបានកាន់តែសកម្មដល់វិស័យអទិភាព ដើម្បីធានានិរន្តភាពអាជីវកម្មទាំងនោះ ទី២ រក្សាភាពទន់ភ្លន់តាមលទ្ធភាពជាក់ស្តែង តាមរយៈការពិនិត្យលទ្ធភាពក្នុងការបន្ធូរបន្ថយ និងពន្យារពេលនៃការសងប្រាក់ដើម និងការប្រាក់ ជាពិសេសចំពោះម្ចាស់អាជីវកម្មក្នុងវិស័យសណ្ឋាគារ និងផ្ទះសំណាក់ និងវិស័យពាក់ព័ន្ធទេសចរណ៍ ជាដើម។ និងទី៣ បន្តតាមដាន និងដាក់ចេញវិធានការការពារការរីករាលដាលនៃវីរុស Covid-19 ទៅលើបុគ្គលិក និងអតិថិជន ដើម្បីធានាឱ្យបាននិរន្តរភាពប្រតិបត្តិកា ររបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាប្រក្រតី៕