កូរ៉េខាងត្បូងបានធ្វើតេស្ត អតីតអ្នកជំងឺ COVID-19 ៥១នាក់និងចេញលទ្ធផលវិជ្ជមានជាថ្មី

(សេអ៊ូល)៖ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់ប្រទេសកូរ៉េខាងត្បូង KCDC នាថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រជាជនកូរ៉េខាងត្បូងសរុបចំនួន ៥១នាក់ ត្រូវបានធ្វើតេស្តវិជ្ជមានជាថ្មីម្តងទៀតនៃ COVID-19 ក្រោយពីពួកគេត្រូវបានជាសះស្បើយ ហើយចាកចេញពីមន្ទីរពេទ្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០។

យោងតាមការយល់ឃើញរបស់មជ្ឈមណ្ឌល KCDC វាមានលទ្ធភាពខ្ពស់ដែលថា វីរុសនោះដែលអាចនៅសេសសល់ក្នុងក្រុមកោសិកា ណាមួយរបស់បុគ្គលទាំងនោះ ប្រហែលជាមានសកម្មភាពឡើងវិញ ជាងពួកគេបានឆ្លងជំងឺនេះជាថ្មីម្តងទៀត ដោយសម្អាងថា ការធ្វើតេស្តឃើញវិជ្ជមានឡើងវិញនេះ បានប្រព្រឹត្តទៅក្នុងចន្លោះពេលមិនយូរប៉ុន្មានឡើយ បន្ទាប់ពីពួកគេត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

គួរជម្រាបថា កន្លងមកពួកគេទាំងនោះត្រូវចាត់ទុកថា បានជាសះស្បើយឡើងវិញទាំងស្រុង ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីពេទ្យ បន្ទាប់ពីម្នាក់ៗត្រូវបានធ្វើតេស្តអវិជ្ជមានយ៉ាងតិច ០២ដងក្នុងកំឡុងពេល ២៤ម៉ោង។ ក្នុងចំណោម ៥១នាក់នោះមាន ១៨នាក់រស់នៅក្នុងទីក្រុងដេគូ (Daegu) និងខេត្ត គ្យុងសាងខាងជើង (North Gyeongsang) ដែលមានករណីឆ្លងខ្លាំងក្លា ប្រចាំនៅក្នុងប្រទេសកូរ៉េខាងត្បូងនាពេលកន្លងមក។

នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០ នេះ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ អំពីការរកឃើញចំនួនអ្នកឆ្លង COVID-19 ថ្មីៗតែ ៤៧នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលជាចំនួនទាបបំផុតមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីករណីឆ្លងនៅកូរ៉េខាងត្បូង បានផ្ទុះឡើងដល់កម្រិតកំពូលកាលពីថ្ងៃទី២៩ ខែកុម្ភៈ។ មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺកូរ៉េខាងត្បូង (KCDC) បានឲ្យដឹងទៀតថា ការរកឃើញករណីឆ្លងថ្មី ៤៧នាក់ខាងលើនេះ ធ្វើឲ្យចំនួនអ្នកឆ្លង COVID-19 សរុបនៅកូរ៉េខាងត្បូងកើនដល់ ១០,២៨៤ករណី ក្នុងនោះ ១៨៦នាក់បាត់បង់ជីវិត និង ៦,៤៦៣នាក់ជាសះស្បើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open