បុរសម្នាក់ចាប់បោកក្មួយស្រីទៅនឹងសសរផ្ទះរងរបួសធ្ងន់
ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ម៉ោង 11:32 AM
(កំពង់ឆ្នាំង) ៖ ជនសង្ស័យម្នាក់ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំងបានសម្រេចឃុំខ្លួនកាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៩ ពីបទប្រើអំពើហឹង្សាដោយចាប់បោកក្មួយស្រីម្នាក់អាយុ០៣ឆ្នាំទៅនឹងសសរផ្ទះ បណ្ដាលឲ្យរងរបួសជាទម្ងន់ នៅភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើឈ្មោះថេត ថា អាយុ៣៥ឆ្នាំ មានទីលំនៅ ស្ថិតនៅក្នុងភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ រីឯកុមារីរងគ្រោះឈ្មោះរ័ត្ន ស៊ីវ អុី អាយុ ០៣ឆ្នាំ។ប្រភពព័ត៌មានបន្តថានៅមុនពេលកើតហេតុ ជនដៃដល់បានខឹងនឹងក្មេងស្រីស្រែកឡូឡា ក៏បានចាប់ជើងក្មេងស្រីដែលត្រូវជាក្មួយបង្កើតបោកនឹងសសរផ្ទះ រួចយកដំបងវាយពីលើ បណ្ដាលឲ្យរងរបួសជាទម្ងន់ ។ ភ្លាមៗនោះ ត្រូវបានក្រុមគ្រួសារចូលទៅជួយចាប់ឃាត់ និងចាប់ជនដៃដល់បញ្ជូនទៅសមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ សីហា