គ្រូពេទ្យ ប្រចាំក្លឹបបាល់ទាត់មួយ ក្នុងប្រទេសបារាំង ដាច់ចិត្តសម្លាប់ខ្លួនឯង ក្រោយឆ្លង COVID-19
(ប៉ារីស)៖ លោក Bernard Gonzalez ដែលជាវេជ្ជបណ្ឌិតម្នាក់ប្រចាំក្លឹបបាល់ទាត់ ស្តាត ឌឺ រុំាង (Stade de Reims) នៅក្នុងប្រទេសបារាំង បានសម្រេចចិត្ត ធ្វើអត្ដឃាត កំឡុងស្នាក់នៅដាច់ដោយឡែកពីគេ បន្ទាប់ពីឆ្លង COVID-19 ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយបារាំង ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០។
មុននឹងសម្រេចចិត្តសម្លាប់ខ្លួនឯង លោក Gonzalez មានអាយុ៦០ឆ្នាំ បានស្នាក់នៅក្នុងផ្ទះជាមួយភរិយា ដែលត្រូវបានគេធ្វើតេស្ដវិជ្ជមាន COVID-19 ដូចគ្នា ហើយ បើតាមប្រព័ន្ធផ្សព្វផ្សាយបារាំង វេជ្ជបណ្ឌិតរូបនេះក៏បានបន្សល់ទុកលិខិតមួយច្បាប់ ពន្យល់ពីការសម្រេចចិត្តរបស់លោកផងដែរ។ ប៉ុន្តែ ទន្ទឹមគ្នា ប្រភពមួយនៅក្នុង ក្លឹប Stade de Reims បានអះអាងថារូបគេមិនបានដឹងទាល់តែសោះថាលោក Gonzalez ឆ្លង COVID-19។
គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometer មកទល់នឹងពេលនេះ បារាំងមានអ្នកឆ្លង COVID-19 ៩២,៨៣៩នាក់ ក្នុងនោះមាន ៨,០៧៨នាក់ស្លាប់ និងជាសះស្បើយ ១៦,១៨៣នាក់៕