នៅថ្ងៃស្អែកនេះ ជប៉ុន គ្រោងដាក់ប្រទេសក្នុងភាពអាសន្ន
យោងតាមកាសែតជប៉ុន Yomiuri បានរាយការណ៍ថា នាយករដ្ឋមន្រ្តីជប៉ុន លោកស៊ីនហ្សូ អាបេ នឹងដាក់ប្រទេសរបស់ខ្លួនក្នុងភាពអាសន្ន ដោយសារតែជំងឺកូវីដ១៩ លឿនបំផុតនៅថ្ងៃអង្គារ ទី៧ ខែមេសា ហើយទំនងជានឹងប្រកាសពីផែនការរបស់លោកក្នុងការធ្វើដូច្នេះ នៅថ្ងៃច័ន្ទនេះតែម្តង។
គួរឲ្យដឹងថា ស្ថិតក្រោមច្បាប់មួយដែលត្រូវបានធ្វើវិសោធនកម្មក្នុងខែមីនា ដើម្បីគ្របដណ្តប់លើការរីករាលដាលនៃជំងឺកូវីដ១៩ នាយករដ្ឋមន្រ្តីអាចដាក់ប្រទេសក្នុងភាពអាសន្នបាន ប្រសិនបើជំងឺនេះបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិត ហើយប្រសិនបើការរីករាលដាលយ៉ាងឆាប់រហ័សរបស់វា អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ច។ វីរុសនេះបានបង្កើនហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនរួចទៅហើយ។
ការផ្លាស់ប្តូរនេះ នឹងផ្តល់ឲ្យអភិបាលនៅក្នុងតំបន់ដែលរងគ្រោះខ្លាំង អាចស្នើសុំឲ្យប្រជាជនស្នាក់នៅផ្ទះ លុបចោលកម្មវិធី និងបិទសាលារៀន ព្រមទាំងកន្លែងសាធារណៈផ្សេងទៀត។
រហូតមកទល់ពេលនេះ នៅក្នុងប្រទេសជប៉ុនមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៣ ២៧១នាក់ និងមានអ្នកស្លាប់ ៧០នាក់ ខណៈអ្នកជាសះស្បើយសរុប ៧០នាក់ផងដែរ៕