លោក ដូណាល់ ត្រាំ បញ្ជូនពេទ្យយោធា ១,០០០នាក់ ឱ្យទៅជួយទីក្រុង ញូយ៉ក ដើម្បីប្រយុទ្ធជាមួយ COVID-19

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាពេទ្យយោធា ១,០០០នាក់ កំពុងត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុងញូយ៉ក ដើម្បី ចូលរួមប្រយុទ្ធជាមួយ COVID-19 ។ តែទន្ទឹមគ្នា លោកក៏បានព្រមានដែរថាមនុស្សស្លាប់អាចនឹងបន្តកើនឡើងរឹតតែច្រើន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNBC នៅថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមានចេញពីសេតវិមាន កាលពីថ្ងៃសៅរ៍។ ថ្លែងនាឱកាសនោះលោក ដូណាល់ ត្រាំ បានបន្ថែមដូច្នេះថា៖ «វាអាចនឹងក្លាយជាសប្ដាហ៍ដ៏លំបាក ចន្លោះសប្ដាហ៍នេះ និងសប្ដាហ៍ក្រោយ ហើយវាអាចនឹងមានមនុស្សស្លាប់កាន់តែច្រើន ដោយសារ COVID-19»។

គួរជម្រាបថា ទីក្រុងញូយ៉ក មានអ្នកស្លាប់ដោយសារ COVID-19 សរុប១,៨៦៧នាក់ និងឆ្លងជាង ៥៧,១៥៩នាក់។ ដោយឡែក បើតាមគេហទំព័រ Worldometer គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ សហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុប ៣១១,៣៥៧ករណី ក្នុងនោះ៨,៤៥២នាក់ស្លាប់, ស្លាប់ថ្មីថែមក្នុងមួយថ្ងៃ ១៣៣១នាក់ និង១៤,៨២៥នាក់ជាសះស្បើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open