រដ្ឋាភិបាលវៀតណាមកំពុងពិចារណាលើការស្នើសុំបញ្ចុះថ្លៃភ្លើង ១០% ដល់ប្រជាជន របស់ខ្លួនដើម្បីបន្ធូរបន្ថយបន្ទុកដែលបង្ករឡើងដោយCovid19

(វៀតណាម) រដ្ឋាភិបាលវៀតណាមកំពុងពិចារណាលើការស្នើសុំរបស់ក្រសួងពាណិជ្ជកម្មដែលបានស្នើឱ្យមានការបញ្ចុះតម្លៃ ១០%លើអត្រាតម្លៃអគ្គិសនីដើម្បីបន្ថយសម្ពាធហិរញ្ញវត្ថុដែលបណ្តាលមកពីការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីដោយវីរុស Covid-19។ តម្លៃសរុបនៃការបញ្ចុះតម្លៃនេះត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១១៦ ពាន់លានដុង (៤៦៦ លានដុល្លារ) ហើយនឹងមានអត្ថប្រយោជន៍ទាំងគ្រួសារ និងអាជីវកម្ម ចន្លោះពីខែមេសាដល់ខែមិថុនា នេះបើយោងតាមសំណើដែលបានដាក់ជូនរដ្ឋាភិបាលដោយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម។

ដោយយោងតាមក្រសួងកសិកម្មបានឲ្យដឹងថា គ្រួសារដែលប្រើប្រាស់តិចជាង ៣០០ គីឡូវ៉ាត់ម៉ោងក្នុងមួយខែនឹងមានសិទ្ធិទទួលបានការបញ្ចុះតម្លៃនេះ មានន័យថាវិក័យប័ត្រ ៣០០ គីឡូវ៉ាត់ម៉ោងនឹងត្រូវគិតថ្លៃក្នុងចំនួន ៥៦៣,០៤០ ដុង (២៣.៨៦ ដុល្លារ) សន្សំបាន ៦២,៥៦០ ដុង (២.៦៥ ដុល្លារ) ពីតម្លៃចាស់ ដោយបច្ចុប្បន្នប្រហែលជា ៨៧% នៃអ្នកប្រើប្រាស់តិចជាង ៣០០ គីឡូវ៉ាត់ម៉ោងក្នុងមួយខែ។

ក្រសួងបានឲ្យដឹងបន្ថែមថា អ្នកដែលប្រើប្រាស់លើសពី ៣០០ គីឡូវ៉ាត់ម៉ោងជាធម្មតាមានចំណូលខ្ពស់ ហើយមិនរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដោយសារជំងឺរាតត្បាត ដូច្នេះនឹងមិនមានសិទ្ធិទទួលបានការបញ្ចុះតម្លៃនេះទេ។ យ៉ាងណាមិញក្រសួងក៏បានស្នើការបញ្ចុះតម្លៃ ១០% សម្រាប់អាជីវកម្ម និងរោងចក្រហើយបាននិយាយថាថាមពលនឹងត្រូវបានផ្គត់ផ្គង់ដោយឥតគិតថ្លៃដល់កន្លែងដាក់ដាច់ដោយឡែក និងមន្ទីរពេទ្យដែលអ្នកជំងឺ Covid-19 កំពុងត្រូវបានព្យាបាល។

គួរបញ្ជាក់ផងដែរថា ការស្នើសុំនេះបានធ្វើឡើងបន្ទាប់ពីអាជីវកម្ម និងគ្រួសារបានស្នើសុំបញ្ចុះថ្លៃអគ្គិសនីរហូតដល់ ៥០% ក្នុងរយៈពេល ៣ខែ បន្ទាប់ពីប្រាក់ចំណូលរបស់ពួកគេត្រូវបានធ្លាក់ចុះដោយសារជំងឺរាតត្បាត។ ប៉ុន្តែទោះយ៉ាងណាការប្រើប្រាស់ថាមពលអគ្គីសនីក្នុងត្រីមាសទី ១ កើនឡើង ៦.៣៤% ពីមួយឆ្នាំទៅមួយឆ្នាំនេះបើយោងតាមក្រុមហ៊ុនអគ្គិសនីជាតិវៀតណាម (EVN)៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds