ខេត្តមួយនៃប្រទេសថៃ បើប្រជាពលរដ្ឋណាដែលមិនពាក់ម៉ាស់ពេលចេញពីផ្ទះ នឹងត្រូវពិន័យជាទឹកប្រាក់ប្រមាណ ៦០០ ដុល្លារ
(ថៃ)៖ កាលពីថ្ងៃទី០២ ខែមេសា ម្សិលមិញនេះ លោក Withurat Srinam អភិបាលខេត្ត Chanthaburi ភាគខាងកើតនៃប្រទេសថៃបានបញ្ជាឲ្យពលរដ្ឋទាំងអស់ក្នុងខេត្តពាក់ម៉ាស់មុខ (ម៉ាស់ពេទ្យ ឬ ក្រណាត់) មុនពេលចាកចេញពីផ្ទះ។ ដោយឡែកអ្នកដែលមិនធ្វើបែបនេះនឹងប្រឈមនឹងការពិន័យជាក្នុងចំនួនទឹកប្រាក់ប្រមាណ ២ ម៉ឺនបាត (ជាង ៦០០ ដុល្លារ) ដោយការបទបញ្ជានេះចាប់ផ្ដើមអនុវត្តភ្លាមៗចាប់ពីថ្ងៃប្រកាសរហូតដល់ថ្ងៃទី៣០ ខែមេសា។
គណៈកម្មាធិការប្រយុទ្ធនឹងជំងឺឆ្លងបានឯកភាពអនុវត្តបទបញ្ជានៅក្នុងខេត្តនេះរហូតដល់ដំណាច់ខែមេសា ដោយសារស្ថានភាព Covid-19 នៅប្រទេសថៃនៅតែបន្តកើនឡើង ខណៈដែលចំនួនអ្នកឆ្លង និងអ្នកដែលកំពុងស៊ើបអង្កេត ឬអ្នកកំពុងដាក់ឲ្យនៅដាច់ដោយឡែកនៅតែកើនឡើងជាបន្តបន្ទាប់។ យ៉ាងណាមិញលោកអភិបាលបានចេញបទបញ្ជានៃច្បាប់ស្តីពីជំងឺឆ្លងដែលផ្តល់អំណាចដល់លោកអភិបាលខេត្តឲ្យប្រកាសអំពីបទបញ្ជាណាមួយដើម្បីការពារការរីករាលដាលនៃជំងឺឆ្លងនៅក្នុងតំបន់ដែលពួកគេទទួលខុសត្រូវ៕