TopNews : ទីបំផុតករណីឆ្លង COVID-19 នៅអាល្លឺម៉ង់កើនរហូតដល់ ៨៤,៧៩៤នាក់

(បរទេស)៖ តាមរយៈគេហទំព័រ Worldometer គិតត្រឹមម៉ោង ៨៖៣០នាទីព្រឹកថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ចំនួនករណីឆ្លងវីរុសកូរ៉ូណា (COVID-19) នៅទូទាំងប្រទេសអាល្លឺម៉ង់ បានកើនឡើងដល់ ៨៤,៧៩៤នាក់ ក្នុងនោះស្លាប់ ១,១០៧នាក់ និងជាសះស្បើយសរុប ២២,៤៤០នាក់។

ចំនួនខាងលើនេះបានធ្វើឲ្យអាល្លឺម៉ង់ឡើងពីលើចិនវិញ ក្លាយជាប្រទេសទី ៤ ដែលមានករណីឆ្លង COVID-19 ច្រើនជាងគេក្នុងពិភពលោក ខណៈចិនមានអ្នកឆ្លងជំងឺរាតត្បាតសកលនេះសរុប ៨១,៥៨៩ករណី ក្នុងនោះស្លាប់ ៣,៣១៨នាក់ និងជាសះស្បើយរហូតដល់ ៧៦,៤០៨នាក់ឯណោះ។

ប្រជាជននៅលើពិភពលោកបានដឹងច្បាស់ថា អាមេរិក បារាំង អ៉ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ អង់គ្លេស សុទ្ធសឹងតែជាកំពូលប្រទេសរឹងមាំ ផ្នែកសេដ្ឋកិច្ច និងសុខាភិបាលខ្លាំងពូកែ សុទ្ធតែឈរនៅលើលំដាប់កំពូលៗ នៃតារាងបញ្ជីឈ្មោះប្រទេសអ្នកឆ្លងជំងឺ Covid-19 និងមានអ្នកស្លាប់ច្រើនជាងគេ នៅលើពិភពលោកទៅវិញ។

ត្រង់ចំណុចនេះអាចបង្ហាញយ៉ាងច្បាស់ហើយថា ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗលើលោក ដែលមានវិស័យសុខាភិបាលខ្លាំងក្លា មិនប្រាកដថាមានអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺកូវិដ១៩នេះចំនួនតិចទេ ហើយក៏មិនប្រាកដថា ប្រទេសក្រសេដ្ឋកិច្ចមិនសូវរឹងមាំ មានឆ្លង និងស្លាប់ច្រើននោះដែរ ការដែលសំខាន់នោះគឺភាពជាអ្នកដឹកនាំនៃមេដឹកនាំប្រទេសនិមួយៗនោះទៅវិញទេ ដែលជាចំណុចគួរចាប់អារម្មណ៍។

យោងតាមគេហទំព័រពិភពលោក Worldometers.info គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ បង្ហាញថា៖

១៖ អាមេរិក ករណីឆ្លងកើនដល់ ២៤៤,៨៧៧ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៩៦៨នាក់ ស្លាប់សរុប ៦,០៧០ នាក់

២៖ អ៉ីតាលី ករណីឆ្លងកើនដល់ ១១៥,២៤២ ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៧៦០នាក់ ស្លាប់សរុប ១៣,៩១៥នាក់

៣៖ អេស្ប៉ាញ ករណីឆ្លងកើនដល់ ១១២,០៦៥ ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៩៦១នាក់ ស្លាប់សរុប ១០,៣៤៨នាក់

៤៖ អាល្លឺម៉ង់ ករណីឆ្លងកើនដល់ ៨៤,៧៩៤ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ១៧៦នាក់ ស្លាប់សរុប ១,១០៧នាក់

៥៖ ចិន ករណីឆ្លងកើនដល់ ៨១,៥៨៩ ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះ ៦នាក់ ស្លាប់សរុប ៣,៣១៨នាក់

៦៖ បារាំង ករណីឆ្លងកើនដល់ ៥៩,១០៥ករណី អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ១,៣៥៥នាក់ ស្លាប់សរុប ៥,៣៨៧នាក់

៧៖ អង់គ្លេស ករណីឆ្លងកើនដល់ ៣៣,៧១៨ករណី អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៥៦៩នាក់ ស្លាប់សរុប ២,៩២១ នាក់៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open