លោក Rodrigo Duterte៖ អ្នកដែលបំពាននឹងច្បាប់នៅដាច់ដោយឡែកអំឡុងមានវិបត្តិ COVID-19 អាចនឹងស្លាប់
(ហ្វីលីពីន)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT បានអោយដឹងថា ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) បានព្រមានថា អ្នកដែលបំពាននឹងច្បាប់នៅដាច់ដោយឡែកអំឡុងមានវិបត្តិ COVID-19 អាចនឹងស្លាប់បាន ដោយសារថាលោកបានបញ្ជាកងកម្លាំងសន្តិសុខឱ្យមានសិទ្ធិបាញ់ទៅលើនរណាម្នាក់ ដែលមិនព្រមស្ដាប់តាមវិធានការណ៍នៅដោយឡែក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT ។
ការព្រមានយ៉ាងខ្លាំងនេះបានកើតឡើងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយនៅយប់ថ្ងៃពុធ ដែលក្នុងនោះលោក Duterte បានប្រាប់ប៉ូលីស និងយោធាឱ្យប្រកាន់យកវិធីសាស្ត្រនេះ សម្រាប់អ្នកល្មើសនឹងវិធានការណ៍បិទទ្វារប្រទេសនេះ។
លោក Rodrigo Duterte បាននិយាយថា៖«ខ្ញុំនឹងមិនស្ទាក់ស្ទើរឡើយ។ បទបញ្ជារបស់ខ្ញុំគឺសម្រាប់ប៉ូលីស និងយោធា ក៏ដូចជា [តាមភូមិភាគ] ថាប្រសិនបើមានបញ្ហា ឬស្ថានភាពអ្វីកើតឡើង ដែលប្រជាជនប្រឆាំងមិនធ្វើតាម ហើយជីវិតរបស់អ្នកស្ថិតនៅក្នុងគ្រោះថ្នាក់ សូមបាញ់ពួកគេចោលទៅ»។
លោកបន្ដថា៖«តើអ្នកយល់នៅ? ស្លាប់! ជំនួសឱ្យការបង្កបញ្ហា ខ្ញុំនឹងបញ្ជូនអ្នកចូលផ្នូរ»។
លោក Duterte បានថ្លែងសុន្ទរកថារបស់លោកក្នុងរយៈពេលមិនប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានអ្នកស្រុកចំនួន ២១នាក់ នៅក្នុងទីក្រុង Quezon City ដែលភាគច្រើនជាអ្នករោងចក្រ ដែលមានប្រាក់ចំណូលទាប និងកម្មករសំណង់មិនអាចធ្វើការក្នុងអំឡុងពេលនៃការបិទទ្វារ ត្រូវបានចាប់ខ្លួនពីបទបាតុកម្មដោយគ្មានការអនុញ្ញាត។ រដ្ឋាភិបាលក៏បានសុំឱ្យពួកគេមានអំណត់បន្ដិច ដើម្បីរង់ចាំការចែកចាយស្បៀងទាំងនោះ រដ្ឋនឹងមិនទុកឱ្យមនុស្សដាច់ពោះស្លាប់នោះទេ ប៉ុន្តែកុំចង់ប្រជែងជាមួយរដ្ឋាភិបាលអី៕