ជនរងគ្រោះវ័យក្មេងបំផុតគឺ ទារកអាយុទើប៦សប្តាហ៍ស្លាប់ក្រោយឆ្លងជំងឺ COVID-19 នៅរដ្ឋ Connecticut សហរដ្ឋអាមេរិក
(ញូយ៉ក)៖ អភិបាលរដ្ឋ ខុននិចធីខាត់ (Connecticut) នៃសហរដ្ឋអាមេរិក លោក ណេដ ឡេម៉ុនដ៍ (Ned Lamont) បានឱ្យដឹងថា ទារកអាយុ ០៦សប្ដាហ៍ម្នាក់បានស្លាប់ដោយសារជំងឺ COVID-19 និងជាជនរងគ្រោះវ័យក្មេងបំផុតម្នាក់ ដែលស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straits Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០។
ថ្លែងនៅលើ Twitter នៅថ្ងៃពុធសប្ដាហ៍នេះលោក Ned Lamont បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទារករូបនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសន្លប់ស្ដូកស្ដឹងកាលពីចុងសប្ដាហ៍មុន… តែមិនអាចជួយសង្រ្គោះបាន។ ក្រោយមកការធ្វើតេស្ដកាលបញ្ជាក់ថា រូបគេមានផ្ទុក COVID-19។ នេះគឺជារឿងសោកសៅបំផុត ហើយយើងជឿជាក់ថា ទារករូបនោះជាជនរងគ្រោះក្មេងជាងគេបំផុត ដែលបានបាត់បង់ជីវិត មាដោយសារតែជំងឺ COVID-19»។
គួរជម្រាបថា កាលពីសប្ដាហ៍មុនអាជ្ញាធររដ្ឋ អ៊ីលីណយស៍ (Illinois) ក៏បានឱ្យដឹងដែរថា ពួកគេកំពុងស៊ើបអង្កេតលើមរណភាពរបស់ទារកម្នាក់ មានអាយុក្រោមមួយឆ្នាំ ដែលត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុក COVID-19 ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់រាយការណ៍ថា ទារករូបនេះមានអាយុ ០៩ខែ៕